(ប្រេស៊ីឡា)៖ បណ្តាញ​សង្គម Facebook បានប្រកាសថា ខ្លួនកំពុងរៀបចំ​ដាក់ចេញនូវសេវា​ដើម្បីត្រួតពិនិត្យ​មើលព័ត៌មាន នៅក្នុង​ប្រទេស​​ប្រេស៊ីល នៅមុនការ​បោះឆ្នោតសកល ​ដែលនឹងប្រព្រឹត្តទៅនៅ​ខែតុលា​ខាងមុខ ដែលយុទ្ធនាការ​នេះធ្វើឡើងក្រោម​កិច្ចសហប្រតិបត្តិការ​​ជាមួយ ទីភ្នាក់ងារឯ​ក​ទេសខាងឆែកមើល​ការពិត លូប៉ា (Lupa) និង អេ ឡូស ហេចូស (A los Hechos) របស់ប្រេស៊ីល​ផ្ទាល់។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញ​ពី​ ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃសុក្រ ទី១១ ខែឧសភា ឆ្នាំ២០១៨។

យោងតាម Facebook ទីភ្នាក់ងារ​ខាងលើ​នឹងមានសិទ្ធិចូល​ទៅពិនិត្យព័ត៌មាន​ទាំងឡាយណា ដែលត្រូវបានអ្នក​ប្រើប្រាស់រាយការណ៍ (Report) ថាជា «ព័ត៌មានប្រឌិត ឬ Faked News​» ហើយប្រសិន​បើ​ការរាយការណ៍​របស់​អ្នក​​ប្រើប្រាស់នោះ ត្រូវបាន Facebook ផ្ទៀតផ្ទាត់​ឃើញថា ពិតជាព័ត៌មានក្លែងក្លាយនោះ​ ព័ត៌មាន​នោះ​នឹងត្រូវ​​កាត់បន្ថយ​ក​ម្រិត នៃការ​ចែក​ចាយ (Reach) ឬក៏អាចត្រូវបិទ​ចោល​​តែម្តងក្នុង​ករណី​ធ្ងន់ធ្ងរ។

ទន្ទឹមនឹងនេះ Facebook ក៏នឹងជូនដំណឹង​ដល់អ្នកគ្រប់គ្រងក៏ដូច​ជាអ្នកប្រើប្រាស់​របស់ Page ដែលចែករំលែក​ព័ត៌មានប្រឌិតទាំង​នោះ​ផង​ដែរ ហើយ Pages ដែលជា​ដដែល​ៗ នៅតែបន្តចែកចាយ​ព័ត៌មានប្រឌិតក្លែងក្លាយ​ទៀតនោះ នឹងត្រូវ Facebook កាត់បន្ថយ​​ចំនួន​ Reach នៃអ្នកទស្សនា​របស់ពួកគេ។

Facebook បានឲ្យដឹងថា ក្រោយពីបានបើកយុទ្ធនាការស្រដៀងគ្នានេះនៅសហរដ្ឋអាមេរិក ការចែកចាយនៃ​ព័ត៌មានប្រឌិត​ បានធ្លាក់ចុះ​ដល់​ទៅ ៨០ភាគរយ ហើយម៉្យាងវិញ​ទៀតនៅតាម​ប្រទេសដទៃ​ទៀត រួមមានអ៊ីតាលី និងហ្វីលីពីន​ជាដើម ក៏ចាប់ផ្តើមកើត​មានការសហការ​​​ស្រដៀងគ្នានេះ​ ជាមួយដៃគូផ្សេងៗ​រួចស្រេច​ទៅហើយ៕