(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយ​រដ្ឋកូរ៉េខាងជើង នៅថ្ងៃសុក្រនេះ​នៅតែបន្តរក្សា​ភាព​ស្ងាប់ស្ងាត់​ ទាក់ទិងនឹង​​កាលបរិច្ឆេទ​​ ព្រមទាំង​​ទីតាំង​រៀបចំជំនួប​កំពូល​ជាប្រវត្តិសាស្ត្រ​អាមេរិក-កូរ៉េខាងជើង បើទោះជា​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានប្រកាស​រួចហើយ​ពីថ្ងៃខែ ​និងកន្លែង​ត្រូវជួបលោក គីម ជុងអ៊ុន ក៏ដោយ។ នេះបើតាមការ​ចេញផ្សាយដោយ​ទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃសុក្រ ទី១១ ខែឧសភា ឆ្នាំ២០១៨។

កាលពីយប់​ថ្ងៃព្រហស្បតិ៍ លោក ដូណាល់ ត្រាំ បានបង្កភាព​ភ្ញាក់ផ្អើល​ជាថ្មី ដោយលោក​ប្រកាសថា លោកនឹងជួបជាមួយ​លោក គីម ជុងអ៊ុន នៅថ្ងៃទី១២ ខែមិថុនា ក្នុងប្រទេស​សិង្ហបុរី។ «យើងទាំងពីរ​នឹងព្យាយាម​បង្កើតបរិយាកាស​ ដ៏ពិសេសមួយ​ដើម្បី​សន្តិភាព​ពិភពលោក»។ នេះជាការ​លើកឡើងរបស់លោក ត្រាំ នៅលើ Twitter ហើយត្រូវបាន​ប្រព័ន្ធផ្សព្វ​ផ្សាយនានា​ យកទៅចុះ​ផ្សាយបន្ត​យ៉ាងផុលផុស។

ប៉ុន្តែក្នុងប្រទេស​កូរ៉េខាងជើង​ឯណោះវិញ កុំថាឡើយមន្រ្តី​កូរ៉េខាងជើង​​ សូម្បីតែប្រព័ន្ធ​ផ្សព្វ​ផ្សាយរដ្ឋ ក៏មិនបាន​ប្រតិកម្ម ឬទទួលស្គាល់ ចំពោះជំនួប​រវាងលោក គីម និងលោក ត្រាំ ដែលពិតជានឹងត្រូវធ្វើឡើង​នៅថ្ងៃទី១២ ខែមិថុនា ក្នុងប្រទេស​សិង្ហបុរី ឬក៏យ៉ាងណា​នោះទេ ខណៈលោក ត្រាំ និងប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូន ជែអ៊ីន ត្រូវត្រូវបាន​គេរាយការណ៍ថា នឹងជួបគ្នា​ក្នុងជំនួបមួយ​នៅថ្ងៃទី២២ ខែឧសភា​នេះ។

យ៉ាងណាក៏ដោយ ការប្រកាសខាង​លើរបស់​លោក ដូណាល់ ត្រាំ កើតមានឡើង​តែប៉ុន្មានម៉ោង​ប៉ុណ្ណោះ បន្ទាប់ពីរដ្ឋមន្ត្រី​ការបរទេស អាមេរិក លោក Mike Pompeo ត្រឡប់មកពី​បំពេញដំណើរទស្សន​កិច្ចជាសំងាត់ជា​លើកទីពីរ នៅកូរ៉េខាងជើង ដោយនាំមក​ជាមួយ ពលរដ្ឋអាមេរិកបីនាក់​ដែលអាជ្ញាធរក្រុងព្យុងយ៉ាង ចាប់ឃុំខ្លួន​អស់រយៈពេល​ជាច្រើន​ខែផងដែរ៕