(អាមេរិក)៖ ទីភ្នាក់ងារ​ចម្បង​ទទួល​បន្ទុកការកំណត់​​គោលនយោបាយ​និងរៀបចំ​គម្រោងស្តីពី​វិស័យថាមពល​របស់រដ្ឋ​កាលីហ្វរញ៉ា បានផ្តល់ការ​ជា​ឯកភាពជា​ឯកច្ឆ័ន្ទ ចំពោះក្បួន​ច្បាប់មួយ នៃការសាងសង់​ដែលតម្រូវមាន​ការបំពាក់​ ប្រព័ន្ធបំលែង​ថាមពល​ព្រះអាទិត្យ នៅតាមលំនៅ​ឋាន​ថ្មី​ៗ ហើយប្រការនេះ​ធ្វើឲ្យ​កាលីហ្វរញ៉ា ក្លាយជារដ្ឋ​អាមេរិក​ដំបូងគេ​បង្អស់ ដែលបាន​ចេញច្បាប់​បែបនេះ។ នេះបើតាម​ការដកស្រង់​​ការ​ផ្សាយ​​ចេញពីទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅល្ងាច​ថ្ងៃព្រហស្បតិ៍ ទី១០ ខែឧសភា ឆ្នាំ២០១៨។

យោងតាម​គណៈកម្មការថាមពល​ នៃរដ្ឋ​កាលីហ្វរញ៉ា ដើម្បីកាត់​បន្ថយការប្រើប្រាស់​ថាមពល​ នៅតាម​គេហឋានថ្មីៗ​ឲ្យបានច្រើន​ជាង ៥០ភាគ​រយ​ ក្រោមគោល​បំណងបន្ថយ​ចុះការបញ្ចេញ​ឧស្ម័នផ្ទះ​កញ្ចក់នោះ គណៈកម្មការ​នេះ បានសម្រេច​ចេញច្បាប់ស្តីពី​ស្តង់ដា​សំណង់អគារ ដែល​តម្រូវឲ្យ​មានការបំពាក់​ប្រព័ន្ធបំលែង​ថាមពល​ព្រះអាទិត្យ ដោយចាប់ផ្តើម​ពីឆ្នាំ២០២០ តទៅ។

ទីភ្នាក់ងារខាង​លើមានក្តីរំពឹង​ខ្ពស់ថា ស្តង់ដានៃការប្រើប្រាស់​ថាមពលប្រកប​ដោយប្រសិទ្ធភាព សម្រាប់​សំណង់អគារ​ថ្មីនេះ នឹងជួយកាត់​បន្ថយបរិមាណ​នៃឧស្ម័ន​ផ្ទះកញ្ចក់ ដែលស្មើនឹង​ការលុបបំបាត់​រថយន្ត​ប្រើប្រាស់ប្រេង​ឥន្ទនៈចេញពីផ្លូវថ្នល់​អ៊ីចឹងដែរ។ បើតាម​ច្បាប់ថ្មីនេះ ប្រព័ន្ធផ្ទាំង​សូឡា នឹងត្រូវបំពាក់​នៅតាមផ្ទះ អគារខុនដូរ និងអាផាតមិន ដែលមាន​កម្ពស់ត្រឹម​បីជាន់ជាអប្បរមា។

គួរបញ្ជាក់ថា ការប្រើប្រាស់​​ថាមពលព្រះអាទិត្យ ក៏មានបញ្ហា​​ប្រឈមធំមួយ​ដែរ នោះគឺកត្តាអាកាសធាតុ​ដែលមានព្យុះភ្លៀង ឬមេឃមាន​ពពកច្រើនស្រអាប់ វាប្រាកដ​ជាពិបាកហើយ ប៉ុន្តែយើង​ក៏អាចបង្កើតជា​អាគុយស្តុកធំៗ ដើម្បីបង្ការបញ្ហា​ទាំងនោះ​ផងដែរ។ បន្ថែមពីនេះទៀត ថាមពល​ខ្យល់ក៏ជាមធ្យោបាយ​ប្រសើរបំផុត ដែលគួរតែ​ជម្រុញឲ្យមាន​ការប្រើប្រាស់ ប្រកបដោយ​សក្តានុពល​ផងដែរ៕