(អង់ការ៉ា)៖ សហរដ្ឋអាមេរិក​នឹងប្រគល់យន្ដហោះ​ចម្បាំង F-35 ឱ្យទៅ​ប្រទេសតួកគី នៅខែមិថុនា​ខាងមុខនេះ បើទោះជា​សភាអាមេរិក​ ស្នើឱ្យមានការផ្អាក​ការលក់អាវុធ ឱ្យ​ទីក្រុងអង់ការ៉ា​ក៏ដោយ។ នេះបើតាម​ប្រព័ន្ធផ្សព្វផ្សាយ​នៅក្នុងស្រុក ដកស្រង់ដោយ​ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១០ ខែឧសភា ឆ្នាំ២០១៨។

សារព័ត៌មាន​តួកគី Hurriyet ផ្អែកលើប្រភពពី​អាជ្ញាធរឧស្សាហកម្ម​អាវុធតួកគី បានរាយ​ការណ៍ថា យន្ដហោះ​ចម្បាំង F-35 ក្នុង​ចំណោម ៣០គ្រឿង​ដំបូងនឹងត្រូវបានប្រគល់​នៅថ្ងៃទី២១ ខែមិថុនា នៅក្នុង​សហរដ្ឋអាមេរិក ជាទីដែលក្រុម​ពីឡុតតួកគី​ នឹងទទួល​បានការបណ្ដុះបណ្ដាល នៅក្នុងបរិបទ ដែលយោធា​តួកគីមានគំរោង​ធ្វើបច្ចុប្បន្នភាព កងកម្លាំង​យន្ដហោះ F-16 របស់ខ្លួន​ជាមួយ យន្ដហោះ​ចម្បាំង ​F-35 ចំនួន ១០០គ្រឿង ដើម្បីពង្រឹង​សមត្ថភាព​ការពារ​ដែនអាកាស។

គួរជម្រាប​ថា កាលពី​ថ្ងៃទី០៤ ខែឧសភា ក្រុមសភា​តំណាងរាស្ត្រ​អាមេរិក បានចេញផ្សាយ​នូវសេចក្ដីលម្អិត​មួយ​ លើច្បាប់​ថវិកាការ​ពារជាតិ​ប្រចាំឆ្នាំ ៧១៧ពាន់​លានដុល្លារ ក្នុងនោះក៏មាន​ភ្ជាប់ជាមួយការផ្អាក​ការលក់អាវុធ​ឱ្យតួកគីផងដែរ។ បន្ថែមពី​លើនេះ ពួកគេ​បានស្នើឱ្យរដ្ឋាភិបាល​លោកប្រធានាធិបតី ដូណាល់ ត្រាំ ដាក់ទណ្ឌកម្ម​លើតួកគី សម្រាប់ការចុះ​ហត្ថលេខាទិញ​ប្រព័ន្ធ​មីស៊ីល​ការពារ
ដែន​អាកាស S-400 ចំនួនពីរគ្រឿង​​ពីប្រទេសរុស្ស៊ី​កាលពី​ខែធ្នូ ឆ្នាំ២០១៧។

ប៉ុន្តែទន្ទឹមគ្នា រដ្ឋមន្ត្រីការបរទេស​តួកគី លោក ម៉េវលុត កាវូសូគ្លូ (Mevlut Cavusoglu) បានព្រមានថា តួកគីនឹងចាត់​វិធានការ​ឆ្លើយតប បើសិនជា​អាមេរិកលុបចោល​ការលក់អាវុធ​ឱ្យទីក្រុង​អង់ការ៉ា៕