(ម៉ូស្គូ)៖ ការសម្រេចចិត្ត​របស់​លោក ដូណាល់ ត្រាំ ដកសហរដ្ឋអាមេរិក​ចេញពីកិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ នៅថ្ងៃអង្គារ​សប្ដាហ៍នេះ គឺជាជំហាន​ដំបូង​នៃការអនុវត្ត​ផែនការ​របស់ទីក្រុង​វ៉ាស៊ីនតោន ក្នុងការផ្លាស់ប្ដូរ​របបដឹកនាំ​នៅអ៊ីរ៉ង់ ដោយប្រើប្រាស់​សេណារីយ៉ូ ដែល អាមេរិកធ្លាប់​បានធ្វើ​នៅអ៊ីរ៉ាក់ ហើយវាពិត​ជាសុបិន្តអាក្រក់ ដែលអាច​ក្លាយជាពិត ដូចនៅ​ប្រទេស​អ៊ីរ៉ាក់។ នេះបើតាម​ការវិភាគរបស់លោក សាមី រ៉ាម៉ាដានី (Sami Ramadani) អ្នកជំនាញ​​ល្បីឈ្មោះមួយរូបខាងនយោបាយ នៅតំបន់​មជ្ឈិមបូព៌ា។

លោក Sami Ramadani​ កត់សម្គាល់បែបនេះ​ នៅក្នុងបទសម្ភាសន៍​ជាមួយ​សារព័ត៌មាន Russian Today ក្រោយទីក្រុង​វ៉ាស៊ីនតោន សម្រេចចិត្ត​ដកខ្លួនចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ កាលពី​ឆ្នាំ២០១៥។ លោក Ramadani បានលើក​ឡើង​ដូច្នេះថា «បើសិន ជាគេស្ដាប់​យ៉ាងយកចិត្តទុក​ដាក់នូវអ្វី​ ដែលលោក ត្រាំ បាននិយាយ ជាការពិតណាស់​សហរដ្ឋអាមេរិក មិនមែនត្រឹម​តែចង់ដក​ខ្លួនចេញ ពីកិច្ច​ព្រមព្រៀង​ប៉ុណ្ណោះទេ ប៉ុន្តែវាបានបង្ហាញពី​ការគំរាមផ្លាស់ប្ដូរ​របបដឹកនាំ​នៅអ៊ីរ៉ង់។ម្យ៉ាងវិញ​ទៀត អ្នកអាចសង្កេត​បានថា​ ពាក្យសម្តីលោក ត្រាំ បានប្រើវាហាក់​ដូចគ្នា​ទៅនឹងអ្វីដែលអតីត​ប្រធានាធិបតី​អាមេរិក លោក ចច ដាប់ប៊ែល យូប៊ូស បានថ្លែងនៅមុន សហរដ្ឋអាមេរិក​សម្រេចចិត្ត ចូល​ឈ្លានពានប្រទេស​អ៊ីរ៉ាក់​កាលពី​ឆ្នាំ២០០៣ ក្រោមលេសថា ទីក្រុងបាកដាដ​របស់ សាដដាំ ហូស្សេន មាន​លាក់អាវុធ​នុយក្លេអ៊ែរ»

អ្នកជំនាញ​រូបនេះ​​បន្ថែម​ទៀតថា សហរដ្ឋអាមេរិក​ចង់បានសម្បទាន​ច្រើន​បំផុត​ពីអ៊ីរ៉ង់​ ពាក់ព័ន្ធកិច្ចព្រមព្រៀង​​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ខណៈ​ទីក្រុងវ៉ាស៊ីនតោន​​ខ្លួនឯង នៅតែចិញ្ចឹម​ចិត្ត​បង្ក​អស្ថេរភាព និងផ្លាស់ប្ដូររបប​​ដឹកនាំ​​នៅអ៊ីរ៉ង់។ «ខ្ញុំគិតថា អ៊ីរ៉ង់នឹងមិន​ផ្ដល់​សម្បទានតាម​អាមេរិក​ត្រូវការ​នោះទេ។ អ៊ីរ៉ង់​បាន​អះអាងថា មិនដែល​មានគំរោង​ផលិតអាវុធ​នុយក្លេអ៊ែរឡើយ និងបានអនុវត្តន៍​យ៉ាងខ្ជាប់ខ្ជួន​នូវកិច្ចព្រ​មព្រៀងនុយក្លេអ៊ែរ បានចុះហត្ថលេខា​​ជាមួយប្រទេស​មហាអំណាចប្រាំទាំង ៥ បូក​មួយ (សហរដ្ឋអាមេរិក ចិន បារាំង អង់គ្លេស និងរុស្ស៊ី បូកអាល្លឺម៉ង់)។

លើសពីនេះ​ទៅទៀត អ្វីដែលសហរដ្ឋអាមេរិក​កាន់តែចង់បាន​ពីអ៊ីរ៉ង់ នោះគឺការបោះបង់​ចោលឯករាជ្យភាព​របស់ខ្លួន ពីព្រោះទីក្រុង​វ៉ាស៊ីនតោន​មិនចង់ឃើញប្រជាជាតិ​ឯករាជ្យណាមួយ​ នៅលើពិភពលោកប្រឆាំង ឬបង្ហាញភាពរឹងទទឹង ខ្លាំងដាក់ខ្លួននោះទេ ជាពិសេស​ប្រជាជាតិ​នៅ​ក្នុងតំបន់​មជ្ឈិមបូព៌ា​​តែម្ដង។ ដូច្នេះហើយ ខ្ញុំគិតថា ដោយសារតែ​ប្រព័ន្ធ​នយោបាយអាមេរិក​បែបនេះឯង ទើបអ៊ីរ៉ង់ជ្រើស​រើសយក​ឯករាជ្យភាព​ ពីនយោបាយសហរដ្ឋ​អាមេរិក ដែលកំពុងចង់​ប្រាប់អ៊ីរ៉ង់ថា យើងនឹងដាក់​ទណ្ឌកម្មលើ​អ្នកដែលរើសយក​ផ្លូវមួយនេះ»។ នេះបើតាម​សម្តីលោក Ramadani។

គួរបញ្ជាក់ថា កាលពីចុង​ខែមេសាកន្លងទៅ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក ប៊ិនយ៉ាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាន​អះអាងថា អ៊ីរ៉ង់នៅតែ បន្តលួចលាក់​ផលិតអាវុធ​នុយក្លេអ៊ែរ បើទោះជាមាន​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ក៏ដោយ។ ចំណែកឯ សហរដ្ឋអាមេរិកវិញ​ក៏បានបង្ហាញ​ការគំាទ្រ ចំពោះការលើកឡើង​របស់លោក Netanyahu ផងដែរ។

កាលពី​ឆ្នាំ២០០៣ សហរដ្ឋអាមេរិក ក្រោមការ​ដឹកនាំរបស់ លោក ចច ដាប់ប៊ែល យូប៊ូស បានសម្រេចចិត្តចូល​ឈ្លានពាន​អ៊ីរ៉ាក់ ដើម្បីផ្ដួលរំលំរបបដឹកនាំ​ លោក សាដដាំ ហូស្សេន ដោយចោទ​ថា របបដឹកនាំ​ទីក្រុង បាកដាដ​នៅពេលនេះ​ មានលួចលាក់អាវុធនុយក្លេអ៊ែរ។ ប៉ុន្តែ​ក្រោយរបប​ សាដដាំ ហូស្សេន ដួលរលំ ទើបគេដឹងថា ការអះអាង​របស់លោក ប៊ូស គឺជា​ការកុហក និងគ្រាន់តែ​ដើម្បីផ្លាស់ប្ដូរ​របបដឹកនាំនៅ​អ៊ីរ៉ាក់តែ​ប៉ុណ្ណោះ៕

ប្រភព៖ Russian Today