(គូឡាឡាំពួរ)៖ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ីបច្ចុប្បន្ន លោក ណាជីប រ៉ាហ្សាក់ បានថ្លែងសារ​មួយចំនួន ដែលបង្កើតជា​ការសង្ស័យថា តើ​អតីតសម្ព័ន្ធមិត្ត​របស់គឺលោក មហាធា ម៉ូហាម៉េដ (Mahathir Mohamad) អាចនឹងបន្ត​តំណែងពីរូបលោក​ជានាយករដ្ឋមន្ត្រីថ្មីបាន​ដែរ ឬយ៉ាងណាបន្ទាប់ពី​គណបក្សប្រឆាំង ​បានផ្ដួលគណបក្ស​កាន់អំណាច​នៅក្នុងការបោះឆ្នោត​សកល កាល​ពីថ្ងៃពុធម្សិលមិញនេះ។ នេះបើតាម ការចេញផ្សាយ​ដោយ​សារព័ត៌មាន Channel News Asia នៅរសៀល​ថ្ងៃព្រហស្បតិ៍ ទី១០ ខែឧសភា ឆ្នាំ២០១៨។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ​ក្នុងទីក្រុងគូឡាឡាំពួរ នៅ​ថ្ងៃព្រហស្បតិ៍នេះ លោក ណាជីប បាននិយាយថា លោកទទួល​ស្គាល់​ការសម្រេចចិត្ត​របស់ប្រជាជន​ម៉ាឡេស៊ី នៅក្នុងការបោះឆ្នោត​កាលពីថ្ងៃពុធ ដែលបានផ្ដល់​ជ័យជម្នះដល់គណបក្ស​កម្លាំង​ចំរុះ​នយោបាយ​របស់លោក មហាធា ដែលមានវ័យចំណាស់ ៩២ឆ្នាំ បានធ្លាប់ដឹកនាំម៉ាឡេស៊ី ក្រោមនយោបាយ​កណ្ដាប់ដៃដែក​ពីឆ្នាំ១៩៨១ ដល់ឆ្នាំ២០០៣។

តែទោះជា​យ៉ាងក្ដី លោក ណាជីប ក៏បានបញ្ជាក់​ដែរថា ដរាបណាគ្មាន​គណបក្ស​តែមួយគត់ ទទួលបានសំឡេងគំាទ្រភាគច្រើនដាច់​ខាត នៅក្នុងចំណោម​អាសនៈសរុប ២២២ នោះរដ្ឋ​ធម្មនុញ្ញរាជានិយម​នៃប្រទេសអាស៊ាននេះ​នឹងកំណត់ថា តើនរណា​គួរតែត្រូវ​កាន់តំណែងជានាយករដ្ឋ​មន្ត្រីបន្ទាប់។ យោងតាម​លទ្ធផលផ្លូវការ​ ចេញផ្សាយដោយ​គណៈកម្មាធិការរៀបចំការ​បោះឆ្នោតម៉ាឡេស៊ី (EC) គណបក្ស​កម្លាំងចំរុះ​នយោបាយ ផាកាតាន់ ហារ៉ាផាន់ (Pakatan Harapan) ឬ PH ដែលប្រផ្ដុំដោយ​គណបក្សចំនួន ០៤ របស់លោក មហាធា បានទទួលអាសនៈ១១៣ ពោលគឺលើស​មួយសំឡេងនៃ​ចំនួនអាសនៈត្រូវការជា​ចាំបាច់ដើម្បីប​ង្កើត​រដ្ឋាភិបាល។

យ៉ាងណាមិញ គណបក្ស PH មិនទាន់ត្រូវ​បានចុះបញ្ជីជា​គណបក្សចំរុះ​នយោបាយ​ ជាផ្លូវការនៅឡើយទេ។ រីឯគណបក្ស​សម្ព័ន្ធភាព របស់លោក មហាធា ដែលទទួលបាន​សំឡេងច្រើន​ជាងគេ គឺគណបក្សយុត្តិធម៌​ប្រជាជន (People’s Justice Party (PKR) ដឹកនាំ​ដោយភរិយា មេដឹកនាំ​គណបក្សប្រឆាំង​កំពុងជាប់ឃុំ លោក អាន់វ៉ា អ៊ីប្រាហ៊ីល (Anwar Ibrahim) គឺលោកស្រី វ៉ាន អាហ្ស៊ីហ្សាហ៍ វ៉ាន អ៊ីស្មែល (Wan Azizah Wan Ismail)។ លើសពីនេះ​ទៅទៀត ក្រុមអ្នកវិភាគ​នយោបាយខ្លះ​ថែមទាំងព្យាករណ៍​ទៀតថា លោកស្រី Wan Ismail រូបនេះអាចនឹងក្លាយ​ជានាយករដ្ឋមន្ត្រី​ក៏ថាបាន។

ដូច្នេះជា​ជម្រើស លោក ណាជីប អាចនឹងព្យាយាម​បង្ហាញហេតុផល​ថា គណបក្សសម្ព័ន្ធជាតិ​ម៉ាឡេស៊ីរបស់លោក ឬហៅកាត់ថា (UMNO) បានទទួល​សំឡេងក្នុង​ចំនួនដ៏ច្រើន ដែលគួរតែត្រូវ​បានទទួលឱកាស​ដឹកនាំ​ប្រទេស ក្នុងនាមជា​រដ្ឋាភិបាល​សំឡេងភាគតិច។ គួរបញ្ចាក់ថា គណបក្ស UMNO ទទួលបាន ៥៤អាសនៈ រីឯគណបក្ស PKR ចំនួន ៤២អាសនៈ។

គណបក្ស UMNO គឺជាគណបក្សមួយ ស្ថិតក្នុង​គណបក្សកម្លាំង​នយោបាយ​ចំរុះ Barisan Nasional (BN) របស់​លោក ណាជីប ដែលបានដឹកនាំ​ប្រទេស​ម៉ាឡេស៊ី ជាបន្ត​បន្ទាប់អស់​រយៈពេលជាង ៦០ឆ្នាំ គិតចាប់តាំង​ពីម៉ាឡេស៊ី ទទួលឯករាជ្យ​ពីអង់គ្លេស។ គណបក្ស BN ទទួលបាន​សំឡេងគាំទ្រ ៧៩អាសនៈ ខណៈគណបក្ស PH ទទួលបាន ១១៣អាសនៈក្នុងចំណោម​អាសនៈសរុប ២២២។

ដោយឡែក​ការអត្ថាធិប្បាយ​របស់ លោក ណាជីប លើបញ្ហាអ្នក​ដែលត្រូវបន្តវេនពី​លោក​ បានបង្កជា​ភាពមិនច្បាស់​កើតមានឡើង បន្ទាប់ពីអ្នកនាំ​ពាក្យព្រះបរមរាជ​វាំងម្នាក់​បាននិយាយថា លោក មហាធា នឹងមិនអាចស្បថចូលកាន់ដំណែង​ជានាយករដ្ឋមន្ត្រី នៅ​ថ្ងៃព្រហស្បតិ៍នេះដូច​លោកបាន​ប្រកាសនោះឡើយ៕