(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានធ្វើដំណើរ​ទៅដល់មូលដ្ឋាន​ទ័ព​អាកាស អាន់ឌ្រូស៍ (Andrews) ស្ថិតនៅក្បែរ​ទីក្រុងវ៉ាស៊ីនតោន​ ដើម្បីទទួល​ពលរដ្ឋអាមេរិក​កាំង​បីនាក់ ដែលត្រូវបាន​កូរ៉េខាងជើងដោះ​លែង​ឱ្យមានសេរីភាព​ឡើងវិញ។ នេះ​បើតាមសេតវិមាន​ដកស្រង់ដោយ​សារព័ត៌មាន BBC នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១០ ខែឧសភា ឆ្នាំ២០១៨។

សេតវិមានបាន​ឱ្យដឹងថា យន្ដហោះដឹករដ្ឋមន្ត្រី​​ការបរទេសអាមេរិក​​លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) និងពលរដ្ឋអាមេរិក​​ទាំងបីនាក់​​បានចុះចត នៅឯមូលដ្ឋាន​​ទ័ព​អាកាស Andrews ហើយអ្នកទាំង​បីនាក់ ​ត្រូវបានកូរ៉េខាងជើងដោះលែង​ឱ្យមានសេរីភាព ក្រោយ​លោក Pompeo ទៅទទួលយក​​ពួកគេដោយ​ផ្ទាល់​ ក្នុងដំណើរទស្សនកិច្ច​​ក្នុងទីក្រុងព្យុងយ៉ាង​​កាលពីថ្ងៃពុធ។ សេតវិមាន​​បន្ថែមថា ការសម្រេចចិត្ត​​របស់​កូរ៉េខាងជើង​នៅ​ពេលនេះ គឺបានបង្ហាញ​ពីចេតនា និងជាកាយវិការ​ដ៏ល្អនៅមុនជំនួប​រវាងលោក ដូណាល់ ត្រាំ និង​លោក គីម ជុងអ៊ុន។

«ពួកយើងពិតជា​សូមអរគុណយ៉ាងជ្រាលជ្រៅ​ជាទីបំផុត ចំពោះរដ្ឋាភិបាល​អាមេរិក លោកប្រធានាធិបតី ដូណាល់ ត្រាំ និងរដ្ឋមន្ត្រីការ​បរទេស​អាមេរិក លោក Mike Pompeo រួមទាំងប្រជាជន​អាមេរិកទាំងមូល ដែលបានខិតខំប្រឹងប្រែង​នាំពួកយើងត្រឡប់​មកផ្ទះ​វិញ»។ នេះបើតាមសេចក្ដី​ថ្លែងការណ៍រួម​របស់ពលរដ្ឋអាមេរិក​ទំាងបីនាក់ គឺលោក គីម ហាក់សុង (Kim Hak-song), លោក តូនី គីម (Tony Kim) និង លោក គីម ដុងជុល (Kim Dong-chul) ដែលបានជាប់ឃុំនៅកូរ៉េខាងជើង អស់រយៈពេល​ជាច្រើនខែ ពីបទចោទ​ប្រកាន់ថា បានធ្វើចារកម្ម និងសកម្មភាព​ប្រឆាំង​រដ្ឋអំណាច៕