(ហ្សាកាតា)៖ ​មន្ត្រីជាន់ខ្ពស់​ឥណ្ឌូណេស៊ីម្នាក់ បានឱ្យដឹង​នៅថ្ងៃព្រហស្បតិ៍​នេះថា អ្នកទោសជា​ភេរវករជាច្រើន​នាក់ បានសម្រេច​ចិត្ត​ប្រគល់ខ្លួន​ បន្ទាប់ពី​បានបាញ់តបត​ជាមួយប៉ូលិស នៅក្នុងពន្ធនាគារ​មួយកន្លែង។ នេះបើតាម​ការចេញផ្សាយ​ដោយទីភ្នាក់ងារ

សារព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀល​ថ្ងៃព្រហស្បតិ៍ ទី១០ ខែឧសភា ឆ្នាំ២០១៨។

យោងតាម លោក ស៊ីយ៉ាហ្វ្រូដឌីន (Syafruddin) ស្នងការរង​ប៉ូលិស​ឥណ្ឌូណេស៊ី ការផ្ទុះមួយ​ដែលបានកើតឡើង​ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង​រក្សាស្ថេរភាព​​របស់​ប៉ូលិស។ «យើងកំពុង​គ្រប់គ្រងស្ថានភាព​ឡើងវិញ»។ នេះជាការគូស​បញ្ជាក់របស់​ លោក Syafruddin ដោយបន្ថែមថា អ្នកទោស​ជាភេរវករ​សរុប ១៥៦នាក់ ត្រូវបានចោទ​ប្រកាន់ថា បានចូលរួមក្នុង​ការប៉ះទង្គិចគ្នា​ជាមួយប៉ូលិស ហើយភាគ​ច្រើនក្នុងចំណោម​ពួកគេ​យល់​ព្រមប្រគល់​ខ្លួន និងត្រូវបានផ្ទេរ​ទៅកាន់ពន្ធនាគារ​​ផ្សេង ក្នុងពេល​ឆាប់ៗ​នេះ។

គួរបញ្ជាក់ថា បើតាមប្រភព​ពីស៊ីនហួរ សំឡេងផ្ទុះ​ដ៏ខ្លាំងចំនួន ០៤លើក បានកើតឡើង ក្រោយពីមាន​ស្នូរគ្រាប់កាំភ្លើង​ជាច្រើនគ្រាប់ នៅក្នុង​បរិវេណ​ពន្ធនាគារ​មួយកន្លែង​ ដែលមិនទាន់ត្រូវបានគេបញ្ជាក់​ឈ្មោះនៅឡើយទេ ខណៈចំនួន​​អ្នកស្លាប់ ឬរងរបួស​ក៏មិនទាន់ដឹង​ច្បាស់នៅ​ឡើយដែរ៕