(ដាម៉ាស់)៖ ទូរទស្សន៍រដ្ឋស៊ីរីបានចេញផ្សាយថា ប្រទេសអ៊ីស្រាអែលកំពុងតែព្យាយាម​វាយ​ប្រហារកម្ទេចមូលដ្ឋានការពារដែនអាកាស នៅក្នុងប្រទេសស៊ីរី និងប្រព័ន្ធរ៉ាដាផ្សេងៗ តាមរយៈការបាញ់​ស្រោចគ្រាប់​មីស៊ីល មកលើទីក្រុងដាម៉ាស់​តែម្តង មកទល់ពេលទៀបភ្លឺ​ថ្ងៃព្រហស្បតិ៍នេះ (ពេលវេលា​​នៅ​ទីក្រុងម៉ាស់)។ នេះបើតាម​ការចេញផ្សាយដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នាព្រឹក​ថ្ងៃព្រហស្បតិ៍ ទី១០ ខែឧសភា ឆ្នាំ២០១៨។

សេចក្តីរាយការណ៍បានបន្តទៀតថា គ្រាប់មីស៊ីលអ៊ីស្រាអែលជាច្រើនគ្រាប់ បានហោះផ្លោង​សំដៅ​មកវាយប្រហារ​ទីក្រុងដាម៉ាស់ ប៉ុន្តែត្រូវបាន​ប្រព័ន្ធការពារមីស៊ីលស៊ីរីបាញ់ទម្លាក់បាន​ភាគច្រើន ប៉ុន្តែនៅតែមាន​មីស៊ីលមួយចំនួន បានហោះទៅវាយប្រហារ​ចំគោលដៅ និងបានកម្ទេច​ស្ថានីយរ៉ាដា អស់មួយទីតាំងផងដែរ​នៅក្នុងប្រទេសស៊ីរី។ បើតាម​ទូរទស្សន៍រដ្ឋស៊ីរី មីស៊ីលអ៊ីស្រាអែល​​យ៉ាងហោចណាស់​ក៏ជាង ១០គ្រាប់ដែរ​ដែលត្រូវបានបាញ់ទម្លាក់។

គួរបញ្ជាក់តាមសេចក្តីរាយការណ៍ កាលពីប៉ុន្មាន​ម៉ោងមុននេះថា សំឡេងយ៉ាង​កងរំពងនៃការផ្ទុះ​ និងចេញពីប្រព័ន្ធ​ការពារ​​ដែនអាកាស ត្រូវគេដឹងលឺនៅ​ក្នុងរដ្ឋធានី​ដាម៉ាស់ នាទៀបភ្លឺថ្ងៃព្រហស្បតិ៍​នេះ។ ដោយយោង​​តាម​សេចក្តី​រាយការណ៍​​របស់​ ទីភ្នាក់ងារព័ត៌មាន​ផ្លូវការ​រដ្ឋស៊ីរី SANA ប្រព័ន្ធការពារ​ដែនអាកាស​របស់ប្រទេសនេះ បានធ្វើ​ការឆ្លើយតប​ទៅនឹងការវាយប្រហារ​​ដោយមីស៊ីល​ ពីសំណាក់​ប្រទេស​អ៊ីស្រាអែល ហើយនិងកំពុងបន្ត​ប្រុងជើង​ការកម្រិត​ខ្ពស់​បំផុត។

ភាពតាន​តឹង​ស៊ីរី-អ៊ីស្រាអែល បានកើនឡើង​ខ្លាំងតាំង​តែពីយប់ថ្ងៃពុធ (ម៉ោងនៅទីក្រុងដាម៉ាស់) នៅពេលដែល​អ៊ីស្រាអែល​បានបាញ់គ្រាប់​រ៉ុក្កែត​​មកលើទីតាំង​យោធា​របស់ស៊ីរី នៅខេត្ត​គូណៃទែរ៉ា (Qunaitera) ភាគខាងត្បូង​​ប្រទេស ហើយក្រោយ​មកទៀតគ្រាប់​​មីស៊ីល ក៏បានហោះស្រោច​​ទៅលើទីតាំង​យោធា ដែលស្ថិត​ក្នុងតំបន់ Golan Heights គ្រប់គ្រងដោយ​អ៊ីស្រាអែលវិញ​ដែលគេជឿជាក់​ថា ជាការឆ្លើយតប​របស់ស៊ីរី ប៉ុន្តែអ៊ីស្រាអែល​​បានចោទថា ជាទង្វើរបស់កងកម្លាំងអ៊ីរ៉ង់ ដែលមានមូលដ្ឋាន​នៅស៊ីរី​ស្រាប់៕