(ដាម៉ាស់)៖ សំឡេងយ៉ាង​កងរំពងនៃការផ្ទុះ​ និងចេញពីប្រព័ន្ធ​ការពារ​ដែនអាកាស ត្រូវគេលឺនៅ​ក្នុងរដ្ឋធានី​ដាម៉ាស់ នាព្រឹកថ្ងៃព្រហស្បតិ៍​នេះ ដោយយោង​តាម​សេចក្តី​រាយការណ៍​​របស់​ ទីភ្នាក់ងារព័ត៌មាន​ផ្លូវការ​រដ្ឋស៊ីរី SANA ប្រព័ន្ធការពារ​ដែនអាកាស​របស់ប្រទេសនេះ កំពុងធ្វើ​ការឆ្លើយតប​ទៅនឹងការវាយប្រហារ​ដោយមីស៊ីល​ ពីសំណាក់​ប្រទេស​អ៊ីស្រាអែល។ នេះបើតាម​ការដកស្រង់​ការផ្សាយដោយ​ ទីភ្នាក់ងារ​ព័ត៌​មាន​ចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃព្រហស្បតិ៍ ទី១០ ខែឧសភា ឆ្នាំ២០១៨។

ស្នូរសំឡេង​ខាងលើ អាចស្តាប់លឺ​យ៉ាងច្បាស់​នៅក្នុងទីក្រុង​ដាម៉ាស់ ហើយអ្នកព័ត៌មាន​របស់ ស៊ីនហួរ ម្នាក់​បានមើលប្រព័ន្ធ​ការពារ​មីស៊ីល កំពុងត្រូវគេបាន​ចេញពីរដ្ឋធានី​ប្រទេសស៊ីរី។ ទីភ្នាក់ងារព័ត៌មានរដ្ឋ SANA បានឲ្យដឹងថា ប្រព័ន្ធការពារ​មីស៊ីល​បាននិង​កំពុងបាញ់កម្ទេច​មីស៊ីលអ៊ីស្រាអែល​​ម្តង​មួយៗ ខណៈសំឡេង​លឺសូរខ្លាំងៗ​បំផុតនោះ គឺនៅម្តុំ​តំបន់ ម៉ាសហ្សេហ៍ (Mazzeh) ភាគខាងលិចរដ្ឋធានីដាម៉ាស់។

គួរជម្រាបថា ភាពតានតឹង​ស៊ីរី-អ៊ីស្រាអែល បានកើនឡើងខ្លាំងតាំង​តែពីយប់ថ្ងៃពុធ (ម៉ោងនៅទីក្រុងដាម៉ាស់) នៅពេលដែល​អ៊ីស្រាអែល​បានបាញ់គ្រាប់​រ៉ុក្កែត​មកលើទីតាំង​យោធា​របស់ស៊ីរី នៅខេត្ត គូណៃទែរ៉ា (Qunaitera) ភាគខាងត្បូង​ប្រទេស ហើយក្រោយ​មកទៀតគ្រាប់​មីស៊ីល ក៏បានហោះស្រោច​​ទៅលើទីតាំង​យោធា ដែលស្ថិត​ក្នុងតំបន់ Golan Heights គ្រប់គ្រងដោយ​អ៊ីស្រាអែលវិញ​ដែលគេជឿជាក់​ថា ជាការឆ្លើយតប​របស់ស៊ីរី ប៉ុន្តែអ៊ីស្រាអែល​​បានចោទថា ជាទង្វើរបស់កងកម្លាំងអ៊ីរ៉ង់ ដែលមានមូលដ្ឋាន​នៅស៊ីរី​ស្រាប់៕