(អ៊ីស្រាអែល)៖ យោធា​អ៊ីស្រាអែល​បានអះអាងថា កងកម្លាំង​អ៊ីរ៉ង់បានបាញ់រ៉ុក្កែតជា​ច្រើន​គ្រាប់​ លើមូលដ្ឋាន​យោធា​របស់ខ្លួន​ស្ថិតនៅ​តំបន់ Golan Heights ជាប់ព្រំដែនជាមួយស៊ីរី។ ​នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន BBC នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែឧសភា ឆ្នាំ២០១៨។

ភាពតានតឹង​រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់​បានផ្ទុះឡើងជាថ្មី ក្រោយ​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ប្រកាសដក​សហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់​ កាលពីឆ្នាំ២០១៥។ ជាពិសេស​ទៅទៀត គឺបន្ទាប់ពីមាន​សេចក្ដីរាយការណ៍​ថា អ៊ីស្រាអែល បានបាញ់​មីស៊ីលជាច្រើន​គ្រាប់ លើមូលដ្ឋាន​យោធាមួយ​កន្លែង​ នៅភាគខាងត្បូង​ទីក្រុង​ដាម៉ាស់ ប្រទេសស៊ីរី​កាលពី​ថ្ងៃអង្គារ ដោយបាន ផ្ដាច់ជីវិតកង​កម្លាំងស្ម័គ្រ​ស្មោះ​នឹង​រដ្ឋាភិបាលស៊ីរី ១៥នាក់ កាលពី​ថ្ងៃអង្គារ។ នេះបើតាម​អង្គការ​ឃ្លាំមើលសិទ្ធិ​មនុស្ស​ស៊ីរី។

ដោយឡែក យោធាអ៊ីស្រាអែល​នៅថ្ងៃព្រហស្បតិ៍នេះ ក៏បានឱ្យ​ដឹងដែរថា កងកម្លាំងឆ្មាំ​បដិវត្តន៍អ៊ីរ៉ង់ បានបាញ់គ្រាប់​រ៉ុក្កែតប្រមាណ ២០គ្រាប់ លើមូលដ្ឋាន​យោធាអ៊ីស្រាអែល នៅក្នុង​តំបន់ Golan Heights ដោយក្នុងនោះគ្រាប់​រ៉ុក្កែតមួយចំនួន​ត្រូវស្ទាក់ចាប់ តែវាក៏ មិនបានបំផ្លិចបំផ្លាញ​អ្វីធ្ងន់ធ្ងរ​នោះដែរ។

គួររំលឹកថា កាលពីដើម​សប្ដាហ៍កន្លងទៅ យោធាអ៊ីស្រាអែល​បាននិយាយថា កងកម្លាំងអ៊ីរ៉ង់ ក៏កំពុងធ្វើ​សកម្មភាពមិន​ប្រក្រតី នៅក្នុងតំបន់ Golan Heights ជាទីដែល​យោធាអ៊ីស្រាអែល​ ត្រូវបានដាក់ឱ្យនៅក្នុង​ស្ថានភាពប្រុង​ជើងការខ្ពស់ ក៏ដូចជា​អំពាវនាវឱ្យ​ជនស៊ីវិល រកកន្លែង​មាន​សុវត្ថិភាព៕