(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាន​និយាយថា តំបន់ព្រំដែនគ្មាន​យោធារវាងប្រទេស​កូរ៉េទាំងពីរ នឹងមិន ក្លាយជាកន្លែង​រៀបចំជំនួបកំពូល​ជាមួយ​លោក គីម ជុងអ៊ុន នោះទេ ខណៈសិង្ហបុរី​ត្រូវបានគេរំពឹង​ខ្ពស់ថា នឹងក្លាយជាកន្លែង​ណាត់ជួប​រវាងមេដឹកនាំ​ទាំងពីរ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែឧសភា ឆ្នាំ២០១៨។

លោក ដូណាល់ ត្រាំ ធ្វើការបញ្ជាក់​បែបនេះ ​នៅក្នុងជំនួបគណៈរដ្ឋមន្ត្រី​របស់លោក​ នៅថ្ងៃពុធ​សប្ដាហ៍នេះ (ម៉ោងនៅ​សហរដ្ឋអាមេរិក) ប៉ុន្តែព្រម​ពេលជាមួយគ្នា​ លោកក៏បាន​អះអាងដែរថា លោកនឹង​ប្រកាសពី​កាលបរិច្ឆេទ និងទីតាំង​នៅរយៈពេលបី​ថ្ងៃ​ខាងមុខ។ «ជំនួប​កំពូល (អាមេរិក-​កូរ៉េខាងជើង) នឹងមិនត្រូវធ្វើ​ឡើងនៅតំបន់​ព្រំដែនគ្មាន​យោធា​ រវាងប្រទេស​ទាំងពីរ​នោះទេ»។ យ៉ាងណា​ក៏ដោយ ប្រធានាធិបតី​រូបនេះមិនបាន​បញ្ជាក់ពីមូលហេតុ​ជាក់លាក់​ នៃការសម្រេច​ចិត្ត​របស់លោកឡើយ ដោយគ្រាន់តែ​លើកឡើង​ពីលទ្ធភាព នៃការរៀបចំ​ជំនួបជាមួយ​លោក គីម នៅប្រទេស​សិង្ហបុរី។

គួរបញ្ជាក់ថា បើតាមស្ថានីយ​ទូរទស្សន៍ CNN ក្រុមមន្ត្រី​អាមេរិក ក៏កំពុងដឹកនាំ​ការរៀបចំ​សម្រាប់កិច្ចប្រជុំកំពូល​រវាងលោក ត្រាំ និងលោក គីម នៅប្រទេស​សិង្ហបុរីដែរ​ ដែលអាចនឹងត្រូវប្រព្រឹត្ត​ទៅនៅក្រោយជំនួប​រវាងលោក ត្រាំ និងប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូន ជែអ៊ីន នៅថ្ងៃទី២២ ខែឧសភា​នេះ៕