(គូឡាឡាំពួរ)៖ លោក មហាធា ម៉ូហាម៉េដ (Mahathir Mohamad) នឹង​ស្បថចូល​កាន់ដំណែងជានាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ដែលមាន​វ័យចំណាស់​ជាងគេនៅលើ​ពិភពលោក នៅ​ថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពី​គណបក្សប្រឆាំង​របស់លោក​ទទួលបានជ័យ​ជម្នះ​ជាប្រវត្តិសាស្ត្រ​នៅក្នុងការបោះឆ្នោតសកល នៅថ្ងៃពុធ​ម្សិលមិញ។ នេះបើតាម​​ការចេញផ្សាយ​​ដោយ ទីភ្នាក់ងារសារ​ព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែឧសភា ឆ្នាំ២០១៨។

យោងតាម​គណៈកម្មាធិការរៀបចំការ​បោះឆ្នោត​ម៉ាឡេស៊ី EC គណបក្ស​ប្រឆាំង ផាកាតាន់ ហារ៉ាផាន់ (Pakatan Harapan) ឬ PH របស់លោក មហាធា ទទួលបាន​អាសនៈច្រើនជាង ១២២ ហើយដែលនេះ​គឺគ្រប់គ្រាន់ឱ្យលោក​បង្កើតរដ្ឋាភិបាលថ្មី និងបញ្ចប់សម័យ​កាល​ដឹកនាំ នៃ​គណបក្សកម្លាំង​នយោបាយ​ចំរុះ បារីសាន ណាស៊ីណាល់ (Barisan Nasional) ឬ BN របស់​នាយករដ្ឋមន្ត្រីម៉ាឡេស៊ី​បច្ចុប្បន្ន លោក ណាជីប រ៉ាហ្សាក់ (Najib Razak) ដែលបានដឹកនាំ​ម៉ាឡេស៊ីរាប់​ទសវត្សរ៍​មកនេះ។ EC បានបញ្ជាក់​នៅក្នុងលទ្ធផលឆ្នោត​ចុងក្រោយបំផុត​នៅព្រឹក​ថ្ងៃព្រហស្បតិ៍​នេះថា គណបក្ស PH ទទួលបាន​អាសនៈ ១១៥ ចំណោម​អាសនៈសរុប ២២២ ខណៈគណបក្ស BN ទទួល​បានអាសនៈ ៧៩។

គួរបញ្ជាក់ថា អតីត​នាយករដ្ឋមន្ត្រី លោក Mahathir Mohamad បច្ចុប្បន្នមាន​អាយុ ៩២ឆ្នាំទៅហើយ ប៉ុន្តែលោកបាន​ប្រកាសត្រឡប់​ចូលឆាក​នយោបាយ​វិញ ក្រោយ​ប្រជាប្រិយភាព​របស់​លោក Najib ធា្លក់ចុះយ៉ាងខ្លាំង​ដោយសារតែ​រឿងអាស្រូវ​ពុករលួយ។ មួយវិញ​ទៀត​ បើគេចាំមិន​ភ្លេចទេ លោក Mahathir ផ្ទាល់​គឺជាអ្នកណែនាំ និងជួយជ្រោមជ្រែង​ឱ្យលោក Najib ជាប់ឆ្នោតជានាយករដ្ឋមន្ត្រី តែដោយសារតែរឿង​អាស្រូវពុករលួយ ទើបធ្វើអ្នក​នយោបាយទាំងពីរ​ ធា្លប់តែជាមិត្តនឹង​គ្នាក្លាយជា​គូ​ប្រជែង រហូតដល់លោក Mahathir និយាយថា រឿងដែលលោក​ស្ដាយក្រោយបំផុត​នៅក្នុងជីវិត គឺជួយលោក Najib ឱ្យធ្វើជា​នាយករដ្ឋមន្ត្រី៕