(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថ្ងៃពុធនេះ បានសរសេរនៅលើ Twitter​ ថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo កំពុងធ្វើដំណើរត្រឡប់មកពីកូរ៉េខាងជើងវិញហើយ ជាមួយពលរដ្ឋអាមេរិកកាំងបីនាក់ ដែលត្រូវបានអាជ្ញាធរ ទីក្រុងព្យុងយ៉ាងចាប់ឃុំខ្លួនអស់រយៈពេលជាច្រើនខែមកនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CBS នៅថ្ងៃពុធ ទី០៩ ខែឧសភា ឆ្នាំ២០១៨។

ថ្លែងនៅលើ Twitter លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ដូច្នេះថា៖ «ពួកគេទាំងបីនាក់មានសុខភាពល្អ រីឯកាលបរិច្ឆេទ និងទីកន្លែង នៃជំនួបជាមួយលោក គីម ជុងអ៊ុន ក៏ត្រូវបានកំណត់ដែរ»។ លោក ត្រាំ បន្ថែមទៀតថា លោក Pompeo កំពុងធ្វើដំណើរត្រឡប់មក ពីកូរ៉េខាងជើងជាមួយពលរដ្ឋអាមេរិកបីនាក់ ដោយពួកគេនឹងត្រូវចុះចតនៅ ឯមូលដ្ឋានទ័ពអាកាស Andrews នៅម៉ោងពី០២រំលង អាធ្រាត្រ (ម៉ោងនៅសហរដ្ឋអាមេរិក)។ «ខ្ញុំនឹងទៅទទួលពួកគេ។ វាពិតជាគួរឱ្យរំភើបណាស់»។ នេះបើតាមលោក ដូណាល់ ត្រាំ។

គួរបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo ត្រូវបានគេរាយការណ៍ថា បានធ្វើដំណើរទៅដល់ទីក្រុងព្យុងយ៉ាង ជាលើកទី០២ នៅថ្ងៃពុធនេះ ដើម្បីពិភាក្សាជាមួយកូរ៉េខាងជើង ជុំវិញការដោះលែងពលរដ្ឋអាមេរិកបីនាក់ដែលកំពុងជាប់ឃុំ នៅកូរ៉េខាងជើង ព្រមទាំងព័ត៌មានលម្អិតជុំវិញជំនួបរវាងលោក គីម និងលោកត្រាំ។ ពលរដ្ឋអាមេរិកទាំងបីនាក់ដែលត្រូវកូរ៉េខាងជើង ចាប់ខ្លួនពីបទចារកម្ម និងធ្វើសកម្មភាពប្រឆាំងរដ្ឋអំណាចមាន ដូចជាលោក Kim Dong-chul, លោក Kim Sang-duk និងលោក Kim Hak-song៕