(ដាម៉ាស់)៖ យ៉ាង​ហោច​​ណាស់​មនុស្ស ០២នាក់ស្លាប់ និង ១៤នាក់រងរបួស បន្ទាប់ពីគ្រាប់​រ៉ុក្កែតមួយហ្វូង​បានធ្លាក់ចំតំបន់ ស្ថិតនៅកណ្តាល​​បេះដូង នៃទីក្រុងដាម៉ាស់​​ប្រទេសស៊ីរី នៅថ្ងៃពុធនេះ​​តែម្តង ខណៈមិនទាន់​​មានការ​បញ្ជាក់ថា វាមានប្រភព​​មកពីណា​​នោះឡើយ តែក្រុមភេរវករ​ធំមួយ ត្រូវបាន​ដាក់ការ​សង្ស័យ។ នេះបើតាម​​​ការចេញ​ផ្សាយ​​ដោយ ស៊ីនហួរ នាល្ងាច​​ថ្ងៃពុធ ទី០៩ ខែឧសភា ឆ្នាំ២០១៨។

តាមទូរទស្សន៍​រដ្ឋស៊ីរី គ្រាប់រ៉ុក្កែត​ខាងលើនេះ​បានធ្លាក់នៅក្នុង​សង្កាត់ Maysat និងតំបន់ Marjeh ដែលនៅ​ក្បែរនោះ ដោយបានបង្ក​ជាការខូចខាតទ្រព្យ​​សម្បត្តិ​សាធារណៈ និងរថយន្តមួយចំនួនផងដែរ បន្ថែមពីលើ​មនុស្សស្លាប់ ០២នាក់ និងរបួស ១៤នាក់នោះ។
គួរបញ្ជាក់ថា តាមការសន្និដ្ឋាន​តំណាក់កាល​ដំបូង ក្រុម​ភេរវករ ISIS អាចជាអ្នក​ស្ថិតនៅពីក្រោយ​ការវាយប្រហារ​ខាងលើនេះ ខណៈកងកម្លាំងរដ្ឋាភិបាលស៊ីរី កំពុងតែ​បង្កើតឥទ្ធិពល​ក្នុងការគ្រប់គ្រង​ទឹកដីស៊ីរីមួយភាគធំ​ឡើងវិញ៕