(ម៉ូស្គូ)៖ ក្នុងឱកាស​បន្ទាប់ពីបានស្បថ​ឡើងកាន់តំណែង​ជា​ផ្លូវការ ក្នុងអាណត្តិ​ទីបួន ជាប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានលើក​​ឡើងថា ប្រទេស​របស់លោក បើកទ្វារចំហ​ទទួលស្វាគមន៍​ជានិច្ច ចំពោះការបើក​កិច្ចសន្ទនា​ ក៏ដូចជាចរចាជា​មួយបណ្តាប្រទេស​ឯ​ទៀតៗ ដើម្បីសំដៅ​ថែរក្សាការពារ​សន្តិភាព និងស្ថិរភាព​ពិភពលោក។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ីនហួរ នៅល្ងាចថ្ងៃពុធ ទី០៩ ខែឧសភា ឆ្នាំ២០១៨។

កាលពីល្ងាច​ថ្ងៃចន្ទដើម​សប្តាហ៍នេះ ពិធីស្បថឡើង​​កាន់​តំណែង​ជាផ្លូវការ​​របស់លោក វ៉្លាឌីមៀ ពូទីន ជាប្រធានាធិបតី​​រុស្ស៊ីនា​​អាណត្តិថ្មី ដែលត្រូវ​ជា​អាណត្តិទី ៤ របស់បុរស​ខ្លាំង​រុស្ស៊ី​រូបនេះ បានប្រព្រឹត្ត​ទៅនៅក្នុង​វិមាន​​ក្រឹមឡាំង នៃរដ្ឋធានីម៉ូស្គូ​ដោយ​ក្នុង​ឱកាសនោះ លោក​បាន​បង្ហាញពី​ការប្តេជ្ញា​ចិត្ត​​ថែរក្សាផលប្រយោជន៍​​ជាតិ​រុស្ស៊ីជាធំ និងធ្វើការ​គ្រប់គ្រង​​ប្រទេស​រយៈពេល ០៦ឆ្នាំ ទៅមុខទៀត​ប្រកប​ដោយ​ភាពទទួលខុស​ត្រូវ​ធំធេង​បំផុត និងបានថ្លែងសារប្រកប​ដោយអត្ថន័យ​យ៉ាងជ្រាលជ្រៅ ទៅកាន់អ្នកចូលរួម​រាប់ពាន់នាក់ ដែល​បាន​បង្ហាញ​វត្ត​មាន​​ដោយ​ផ្ទាល់​នៅទីនោះ ព្រមទាំងជនរួមជាតិ​រុស្ស៊ីទាំងជិត ១៤៤លាននាក់ ដែលទស្សនា​តាមកញ្ចក់​ទូរទស្សន៍។

លោក ពូទីន បានឡើង​កាន់​អំណាច​អស់​រយៈពេល ១៨ឆ្នាំមក​ហើយ ទាំងក្នុងនាម​ជាប្រធានាធិបតី និង​នាយករដ្ឋមន្ត្រីរុស្ស៊ី ដោយ​ក្នុង​មួយ​អាណត្តិ​មាន​រយៈ​ពេល ០៦ឆ្នាំ។ លោក វ៉្លាឌីមៀ ពូទីន ទទួលបាន​សំឡេងគាំទ្រ ៧៦ភាគរយ នៅក្នុងការបោះឆ្នោត​ប្រធានាធីបតី​កាលពី​ខែមីនា ហើយ​ដែលនេះគឺ​ជាជ័យជម្នះ​ដ៏ធំបំផុតរបស់​លោក។

គួរជម្រាបផងដែរថា ​ការធ្វើអត្ថាធិប្បាយ​របស់លោក ពូទីន នាថ្ងៃពុធសប្តាហ៍នេះ ត្រូវបានធ្វើឡើងក្នុង​ឱកាស ដែលលោកបាន​ចូលរួមក្នុង​ក្បួនព្យុហយាត្រា​​យោធា​ដ៏ធំ​សម្បើមមួយ រួមមានទាំងការដើរក្បួនយ៉ាង​អង់អាចរបស់កងទ័ព ព្រមទាំងការដង្ហែរ​គ្រឿងសព្វាវុធ​ទំនើបៗ និង​ការហោះសម្តែង​លើផ្ទៃអាកាស​យ៉ាងអស្ចារ្យនៃ​ក្រុមយន្តហោះ និងឧទ្ធម្ភាគចក្រ ដើម្បីរំលឹកខួប ៧៣ឆ្នាំ នៃទិវាជ័យជម្នះលើពួក Nazi អាល្លឺម៉ង់​ កាលពីសម័យ​សង្រ្គាមលោក​លើក​ទីពីរ៕