​(គូឡាឡាំពួរ)៖ គណៈកម្មាធិការ​រៀបចំការបោះឆ្នោត​ម៉ាឡេស៊ី (EC) បានឱ្យដឹងថា ប្រជាជនម៉ាឡេស៊ី ៦៩ភាគរយ បាននាំគ្នា​ទៅបោះ​ឆ្នោត​នៅតាមការិយាល័យ​បោះឆ្នោតទូទាំង​ប្រទេស គិតត្រឹមម៉ោង​បីរសៀល​ថ្ងៃពុធនេះ (ម៉ោងនៅក្នុងតំបន់)។ នេះបើតាមការ​ចេញផ្សាយដោយ​សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃពុធ ទី០៩ ខែឧសភា ឆ្នាំ២០១៨។

យោងតាម EC គិតត្រឹមម៉ោង ០១៖០០នាទីរសៀល អ្នកបោះឆ្នោត ៥៥ភាគរយ បានទម្លាក់​សន្លឹកឆ្នោតរបស់​ពួកគេចូលក្នុង​ហិបឆ្នោត ប៉ុន្តែចំនួន​នេះមាន​កំរិតទាប បើធៀបទៅនឹង​ការបោះឆ្នោតកាល​ពីឆ្នាំ២០១៣ គិតត្រឹមម៉ោង ០១៖០០នាទីរសៀលដូចគ្នា ខណៈរហូតមក​ដល់មក ០៣៖០០នាទី​រសៀលនេះ ទើបចំនួនអ្នកបោះឆ្នោត​កើនដល់ ៦៩ភាគរយ។

គួរបញ្ជាក់ថា ប្រជាជន​​ម៉ាឡេស៊ីជាង ១៤លាន​នាក់ ដែលមានសិទ្ធិ​​បោះឆ្នោត​ បានចាប់ផ្ដើមធ្វើដំណើរ​ទៅកាន់ការិយាល័យ​បោះឆ្នោត ហើយនៅ​ថ្ងៃពុធនេះ។ ការបោះឆ្នោត​សកលនេះ ត្រូវបានធ្វើឡើង​មុនកាលកំណត់ ក្រោយ​គណៈកម្មាធិការ​ជាតិរៀបចំ​ការ​បោះឆ្នោត ប្រកាសយក​ថ្ងៃទី០៩ ខែឧសភា ជាថ្ងៃ​ដែលប្រជាជន​ម៉ាឡេស៊ី ​បោះឆ្នោត​ជ្រើសរើស​សមាជិក​សភា​ទាំង ២២២នាក់ រួមទាំងសមាជិក សភា​ក្នុងរដ្ឋ​ចំនួន១២ នៃរដ្ឋទាំងអស់ចំនួន ១៣។

លើសពីនេះ​ទៅទៀត ប្រជាជន​ម៉ាឡេស៊ី ក៏នឹងកំណត់​ផងដែរថា​ តើនាយករដ្ឋ​មន្ត្រីបច្ចុប្បន្ន លោក ណាជីប រ៉ាហ្សាក់ (Najib Razak) ឬក៏មេដឹកនាំ​បក្សប្រឆាំង​វ័យ ៩២ឆ្នាំ លោក មហាធា ម៉ូហាម៉េដ (Mahathir Mohamad) ដែលនឹង​ក្លាយជា​នាយករដ្ឋ​មន្ត្រី​ថ្មី។ ដោយ ឡែកនៅក្នុងថ្ងៃបោះឆ្នោតនេះ ក៏មានការតវ៉ាមួយចំនួនពីអ្នបោះឆ្នោតផងដែរ ដោយពួកគេអះអាងថាមន្ត្រី EC ខ្លះមិនបានវ៉ៃត្រាលើ សន្លឹកឆ្នោតរបស់ពួកគេ ហើយពួកគេព្រួយបារម្ភខ្លាចក្រែងសន្លឹកឆ្នោតទាំងនោះត្រូវបាបដិសេធ។ ចំណែកឯ ប្រធាន EC លោក Mohd Hashim Abdullah និយាយថា ធ្វើការស៊ើប​អង្កេតលើ​ករណី​នេះ៕