(អ៊ីស្លាម៉ាបាដ)៖ គ្រោះធម្មជាតិ​រញ្ជួយផែនដីដែល​មានកម្រិត ៥.៥រ៉ិចទ័រ បាន​វាយប្រហារ​​រដ្ឋធានី​អ៊ីស្លាម៉ាបាដ និងផ្នែកមួយចំនួន​ទៀតនៃខេត្ត​គីប៊ឺផាកទុកក្វា (Khyber Pakhtunkhwa ) និង​ផាន់ចាប់ (Punjab) នៅព្រឹក​ថ្ងៃពុធនេះ (ម៉ោងនៅអ៊ីស្លាម៉ាបាដ)។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ីនហួរ នារសៀល​ថ្ងៃពុធ ទី០៩ ខែឧសភា ឆ្នាំ២០១៨។

ទីភ្នាក់ងារ​តាមដានភូមិសាស្ត្រ​ប៉ាគីស្ថានបាន​ឲ្យដឹងថា គ្រោះរញ្ជួយដី​ខាងលើនេះ គឺកើតចេញពី​ក្នុងជម្រៅដី ១២គីឡូម៉ែត្រ ដែលស្ថិត​នៅចម្ងាយ​ប្រមាណ ២០គីឡូម៉ែត្រ នៃ​ភាគពាយ័ព្យ​ខេត្ត Kyber Pakhtunkhwa។ តាមរបាយការណ៍​បឋម ពុំមាន​មនុស្សណា​ម្នាក់រងរបួស ឬបាត់បង់ជីវិត​នោះឡើយ ប៉ុន្តែមនុស្សម្នា​ជាច្រើនមាន​ការភ័យ​តក់ស្លុត និងចេញមក​ឈរនៅទីវាល​ដើម្បី​សុវត្ថិភាព៕