​(ញូយ៉ក)៖ អគ្គរដ្ឋទូតអាមេរិក​ប្រចាំអង្គការសហប្រជាជាតិ (UN​) លោកស្រី នីកគី ហាឡេយ (Nikki Haley) បាននិយាយថា សហគមន៍​អន្តរជាតិ​កំពុង​ធ្វើបាប​អ៊ីស្រាអែល ដោយសារតែ​ការបង្រ្កាបរបស់​អាជ្ញាធរអ៊ីស្រាអែល ទៅលើក្រុមបាតុករ​ប៉ាឡេស្ទីន នៅក្នុង​តំបន់​ហ្កាហ្សា។ ប៉ុន្តែព្រម​ពេលជា​មួយគ្នា មន្ត្រីទូតតំណាងអាមេរិករូបនេះ ក៏បានព្រមាន​ដែរថា ការធ្វើបាប​អ៊ីសា្រអែល មានន័យ​ស្មើធ្វើបាប​សហរដ្ឋអាមេរិក។ នេះ បើតាមការ​ចេញផ្សាយ​ដោយ​សារព័ត៌មាន Russian Today នៅ​ព្រឹកថ្ងៃពុធ ទី០៩ ខែឧសភា ឆ្នាំ២០១៨។

លោកស្រី Nikki Haley បានលើក​ឡើងយ៉ាងដូច្នេះថា «វាគឺជាការ​រំលោភបំពាន ហើយគឺជាអ្វីដែល​សហគមន៍​អន្តរជាតិ​ បានធ្វើអាក្រក់​ដាក់​អ៊ីសា្រអែល។ មិនតែ​ប៉ុណ្ណោះ វាថែមទាំង​បានរំលឹកខ្ញុំ​ទៀតផងថា ទង្វើនេះ​ប្រៀបបានទៅនឹង​កូនក្មេងម្នាក់ត្រូវ​បានគេធ្វើបាប នៅ​សួនកម្សាន្ត»។ តែយ៉ាងណា ខ្ញុំមិនចង់ឱ្យ​រឿងបែបនេះ​កើតឡើង ហើយក៏មិន​ចង់ស្រែកដាក់​អ្នករាល់គ្នាដែរ... ប៉ុន្តែយើង​នៅពីក្រោយ​អ៊ីស្រាអែល ដូច្នេះបើពួកគេ​ធ្វើបាបអ៊ីស្រាអែល ពួកគេក៏មិនខុសពីត្រូវ​ធ្វើបាប​សហរដ្ឋអាមេរិកដែរ»

គួរបញ្ជាក់ថា ការលើកឡើង​របស់លោក​ស្រី Nikki Haley ធ្វើឡើងនៅ​ក្នុងសន្និបាតប្រចាំ​ឆ្នាំ នៃអង្គការសមាគមអាមេរិក និងក្រុម​ប្រឹក្សាអាមេរិក (AS/COA) ​រៀបចំឡើង​នៅឯក្រសួងការ​បរទេស​អាមេរិក នៅថ្ងៃអង្គារ​សប្ដាហ៍នេះ៕