(សេអ៊ូល)៖ រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) ត្រូវបានគេរំពឹងថា នឹងត្រឡប់មកពី​កូរ៉េខាងជើងវិញ​ជាមួយពលរដ្ឋអាមេរិក​កាំងបីនាក់ ដែលកំពុងជាប់ឃុំ​នៅកូរ៉េខាងជើង ព្រមទាំង​ព័ត៌មានលម្អិត​ជុំវិញជំនួបកំពូង​រវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន។ នេះបើតាម​មន្ត្រីកូរ៉េខាងត្បូង​ម្នាក់ ដកស្រង់ដោយ​ ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី០៩ ខែឧសភា ឆ្នាំ២០១៨។

យោងតាមមន្ត្រី​កូរ៉េខាងត្បូង​ដដែល ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ លោក ប៉ុមប៉េអូ បានធ្វើដំណើរ​ទៅដល់​កូរ៉េខាងជើង នៅថ្ងៃ​ពុធនេះ ដោយធ្វើដំណើរចាក​ចេញពីប្រទេស​ជប៉ុន ហើយបានឆ្ពោះ​បន្តទៅកាន់​សណ្ឋាគារ Koryo Hotel ក្នុងទីក្រុង​ព្យុងយ៉ាង ដើម្បី ពិភាក្សា​ការងារជាមួយក្រុម​មន្ត្រី​កូរ៉េខាងជើង។ លើសពីនេះ​ទៅទៀត មន្ត្រីរូបនេះ​បានបញ្ជាក់​បន្ថែមថា លោករដ្ឋមន្ត្រី​ការបរទេស​អាមេរិករូបនេះ នឹងបញ្ជាក់កាល​បរិច្ឆេទសម្រាប់​ជំនួបកំពូលអាមេរិក-កូរ៉េខាងជើង ព្រមទាំង​ធានាការដោះលែង ​អ្នកទោស​អាមេរិក​បីនាក់​ផងដែរ។

«បើសិនជាអ្នក​ទោសអាមេរិកទាំងបីនាក់​ត្រូវបានដោះលែង នោះវានឹង​ក្លាយជារឿង​ដ៏អស្ចារ្យ... យើងនឹង​ជជែកគ្នាពីបញ្ហា​នេះនៅថ្ងៃ​នេះ ហើយខ្ញុំគិតថា វានឹងក្លាយជា​កាយវិការមួយ​ដ៏អស្ចារ្យ នៅក្នុងករណី​ដែលពួកគេចង់​ធ្វើបែបនោះ​មែន»។ នេះបើ​តាមលោក ប៉ុមប៉េអូ ថ្លែងប្រាប់អ្នក​សារព័ត៌មាន ក្នុងដំណើរផ្លូវ​ឆ្ពោះទៅកាន់​ក្រុងព្យុងយ៉ាង បើទោះជា​លោកផ្ទាល់មិនទាន់​ទទួលបាន​ការប្ដេជ្ញាចិត្ត​ណាមួយ​ ពីកូរ៉េខាងជើងក៏ដោយ។

គួរបញ្ជាក់ថា ពលរដ្ឋអាមេរិក​ទាំងបីនាក់ ដែលកំពុងជាប់ឃុំ​នៅកូរ៉េខាងជើង​ពីបទចារកម្ម និងធ្វើសកម្មភាព​ប្រឆាំងរដ្ឋ​អំណាចមាន ដូចជា​លោក គីម ដុងចុល (Kim Dong-chul), លោក គីម សាងឌុក (Kim Sang-duk) និងលោក គីម ហាក់សុង (Kim Hak-song)។ ប៉ុន្តែ កាលពី​សប្ដាហ៍មុន សកម្មជន​កូរ៉េខាងត្បូង​ម្នាក់ បានប្រាប់អ្នក​សារព័ត៌មាន​នៅក្នុង​ស្រុកថា អ្នកទាំងបី​នាក់នេះ​ ត្រូវបានគេ​ផ្ទេរពី​ពន្ធនាគារ ទៅកាន់សណ្ឋាគារ​មួយកន្លែង​ស្ថិត នៅក្បែរ​ទីក្រុង​ព្យុងយ៉ាង ហើយដែលនេះ​គឺជាកាយវិការ​មួយត្រូវបាន​គេរំពឹងថា ទីក្រុងព្យុងយ៉ាង អាចនឹងដោះលែង​ពួកគេឱ្យមាន​សេរីភាពវិញ នៅមុនជំនួប​រវាងលោក ត្រាំ និងលោក គីម៕