(សេអ៊ូល)៖ ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូន ជែអ៊ីន កំពុងត្រៀម​​អញ្ជើញទៅបំពេញ​ទស្សនកិច្ច​​​នៅរដ្ឋធានីវ៉ាស៊ីនតោន ដើម្បី​ធ្វើ​ការជជែកពិភាក្សា​ជាមួយប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ អំពីកិច្ចប្រជុំកំពូល​រវាង​មេដឹកនាំកូរ៉េខាងជើង​ និងសហរដ្ឋអាមេរិក ដែលនឹងកើត​ឡើងមួយរយៈខ្លី​ទៀត​ប៉ុណ្ណោះ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃសៅរ៍ ទី០៥ ខែឧសភា ឆ្នាំ២០១៨។

​បើតាមសេចក្តី​ប្រកាសរបស់វិមានប្រធានាធិបតី​កូរ៉េខាងត្បូង (Blue House) ក្រោមការ​អញ្ជើញរបស់​លោក ដូណាល់ ត្រាំ លោក មូន ជែអ៊ីន នឹងធ្វើដំណើរ​ទៅកាន់​វ៉ាស៊ីនតោន នៅ​ថ្ងៃទី២២ ខែឧសភា ពោលគឺមុនការ​កើតមានឡើង​នៃកិច្ចជំនួបកំពូលមិនធ្លាប់មាន​ លើកទីមួយ​​រវាង​​កូរ៉េ​ខាងជើង និង​សហរដ្ឋអាមេរិក ដែលត្រូវបានគេរំពឹង​ថា នឹងប្រព្រឹត្ត​ទៅនៅចុង​ខែឧសភា ឬដើម​ខែមិថុនា។

គួរជម្រាបថា កិច្ចជួបពិភាក្សា​រវាងលោក មូន និងលោក ត្រាំ នឹងផ្តោតសំខាន់​ទៅលើ​មធ្យោបាយ ដើម្បីធ្វើការរៀបចំ​ប្រកបដោយ​ជោគជ័យ សម្រាប់កិច្ច​ប្រជុំកំពូល​កូរ៉េខាងជើង-អាមេរិក។ កិច្ចប្រជុំ​រវាង​លោក ដូណាល់ ត្រាំ និង​ប្រមុខដឹកនាំកំពូល​កូរ៉េខាងជើង​លោក គីម នឹង​ធ្វើ​ឡើង​ ក្រោយពី​កិច្ចប្រជុំកំពូលអន្តរកូរ៉េ​លើក​ទីបី ដែលបានប្រព្រឹត្ត​ទៅកាលពី​ថ្ងៃទី២៧ ខែមេសា នៅឯតំបន់​ព្រំដែន​កូរ៉េ​ភូមិ Panmunjom៕