(បែលហ្សិក)៖ សារមន្ទីរ DIVA ដែលកន្លែង​ត្រូវបានគេបង្កើត​ឡើង​ក្រោមគំនិត នៃការតាំងបង្ហាញ​អំពីរឿងរ៉ាវ នៅ​ពី​ក្រោយ​​ត្បូង​ពេជ្រ​ដ៏​ស្រស់ស្អាតបំផុត​មួយចំនួន​របស់ពិភពលោកនេះ នា​ចុង​​សប្តាហ៍​នេះ បានបើកទ្វារ​ទទួលស្វាគមន៍​ភ្ញៀវ មកពីគ្រប់ទិសទី​ជុំវិញ​ពិភពលោក​នៅ​ឯ​​​ទីក្រុង អាន់ធ្វើប (Antwerp) ​ភាគខាងជើង​​ប្រទេស​បែលហ្សិក ដែលវាមាន​រហស្សនាមថា ជាទីក្រុងពេជ្យ​ដ៏អស្ចារ្យជាងគេ​បង្អស់លើ​ផែនដី។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញ​ពី​សារព័ត៌មាន Associated Press (AP) នៅព្រឹក​ថ្ងៃសៅរ៍ ទី០៥ ខែឧសភា ឆ្នាំ២០១៨។

ទីក្រុង Antwerp មានកេរ្តិ៍ឈ្មោះ​ល្បីរន្ទឺសុះសាយ​ ក្នុងនាមជាកន្លែងកំណើត​ និងប្រមូលផ្តុំ​នៃជាងប្រាក់ ឈ្មួញគ្រឿង​អលង្ការ និងឈ្មួញ​ពេជ្យ​​ ចាប់​តាំងតែ​ពីសតវត្សរ៍ទី ០៦ មកម្ល៉េះ ហើយសារមន្ទីរ​ថ្មី​ដែលមានទំហំ​ ៨៥០ម៉ែត្រការ៉េនេះ នឹងធ្វើការ​តាំងបង្ហាញថា តើខណៈដែល​ពេលវេលា​បាន​កន្លងផុតទៅអស់​ជាយូរ​បែបនេះ បច្ចេកទេស​អ្វីខ្លះ ត្រូវបានប្រើប្រាស់​នៅក្នុងតំបន់ ដើម្បីធ្វើការ​កែច្នៃក៏ដូចជាលម្អលោហៈ និងត្បូង​ពេជ្រ​​ដ៏មាន​តម្លៃទាំងនេះ?

គួរជម្រាបថា សារមន្ទីរ​ខាងលើ ត្រូវបានបែងចែកជា ០៦បន្ទប់ ដែលបន្ទប់​នីមួយៗ អ្នកទស្សនាអាចដើរមើល​​កម្រងវត្ថុប្លែកៗ​គួរឲ្យចាប់​​អារម្មណ៍​​ជាច្រើន រួមតាំងពីស្បែក​ជើងដាំពេជ្យ, ស្វែងយល់​អំពីសិល្បៈ​ នៃការកាត់ត្បូង​ពេជ្រ, ទទួលការពន្យល់​បកស្រាយអំពើ​ការជួញ​ដូរ​ត្បូង​ពេជ្រ​អន្តរជាតិ ឬក៏សិក្សាពី​ឧក្រិដ្ឋកម្ម​ត្បូង​ពេជ្រ និងអំពីអ្វី​ដែលកំពុង​ត្រូវអនុវត្តន៍ ដើម្បីដោះស្រាយ​បញ្ហានេះ ជាដើម៕