(អាមេរិក)៖ រដ្ឋកាលីហ្វរញ៉ា​របស់​សហរដ្ឋអាមេរិក ទីបំផុតបាន​ដណ្តើមតំណែង​របស់​ចក្រភព​អង់គ្លេស ឡើងជាមហាអំណាច​សេដ្ឋកិច្ចលេខ​ ០៥ ពិភពលោកហើយ (ក្នុងនាមជារដ្ឋ មិនមែន​ប្រទេសនោះទេ)។ នេះបើតាម​ទិន្នន័យដែល​ទើបចេញផ្សាយ​ដោយ​ក្រសួងពាណិជ្ជកម្ម​អាមេរិក ដកស្រង់ដោយ​ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃសៅរ៍ ទី០៥ ខែឧសភា ឆ្នាំ២០១៨។

ទំហំផលិតផល​ក្នុងស្រុកសរុប (GDP) របស់​រដ្ឋ​កាលីហ្វរញ៉ា បានកើនឡើង ១២៧ពាន់​លាន​ដុល្លារ ក្នុងចន្លោះ​ឆ្នាំ២០១៦ និងឆ្នាំ២០១៧ សរុប​គឺដល់ទៅ ២.៧៤៧ពាន់ពាន់​លានដុល្លារ (ទ្រីលាន) ដែលវា​លើសពី GDP របស់ចក្រភពអង់គ្លេសចំនួន ២.៦២៥​ពាន់លាន​ដុល្លារ​ឯណោះ។ ឥឡូវនេះ​​រដ្ឋកាលីហ្វរញ៉ា នៅពីក្រោយ​តែអាល្លឺម៉ង់ ជប៉ុន ចិន និង​សហរដ្ឋអាមេរិកតែប៉ុណ្ណោះ បើនិយាយពីទំហំនៃសេដ្ឋកិច្ចក្នុងក្របខណ្ឌ។

គួរជម្រាបថា កាលីហ្វរញ៉ា​ដែលមាន​រហស្សនាមថា «រដ្ឋមាស» នេះ​ក៏ធ្លាប់បានហក់​ឡើងជា​មហាអំណាចសេដ្ឋ​កិច្ចលេខ ០៥ លើពិភពលោ​ក​ម្តងហើយ​ផងដែរ កាលពី​ឆ្នាំ២០០២ ប៉ុន្តែបានធ្លាក់​ទៅវិញទាបរហូត​ដល់លេខ​រៀងទី១០ កាលពី​ឆ្នាំ២០១២។ ចាប់ពីពេល​នោះមក រដ្ឋធំជាង​គេ​របស់អាមេរិក​មួយនេះ បានបង្កើតការងារ​បន្ថែមចំនួន ០២លានកន្លែង និងបង្កើន GDP របស់ខ្លួនបាន ៧០០ពាន់​លានដុល្លា​រ​ថែមទៀត ទើបអាចលើកមុខមាត់​លើឆាក​អន្តរជាតិ​បានខ្ពង់ខ្ពស់​បែប​នេះ៕