(ឡូសអាន់ជែឡេស)៖ គ្រោះធម្មជាតិ​រញ្ជួយផែនដី ដែលមាន​កម្រិតធ្ងន់រហូត​ដល់ ៦.៩រ៉ិចទ័រ បាន​វាយ​ប្រហារ​​កោះធំមួយ ស្ថិតនៅក្នុង​ប្រជុំកោះ​ហាវ៉ៃ​ នៃ​សហរដ្ឋអាមេរិក នាកណ្តាល​មហាសាគរ​​​ប៉ាស៊ីហ្វិក។ នេះបើ​តាម​ការចេញ​​ផ្សាយដោយសារព័ត៌មានចិន ស៊ីនហួរ ដកស្រង់​របាយការណ៍​​ពី​​ទីភ្នាក់ងារស្ទាបស្ទង់​​ភូមិសាស្ត្រ​​អាមេរិក USGS នាព្រឹក​​ថ្ងៃសៅរ៍ ទី០៥ ខែឧសភា ឆ្នាំ២០១៨។

គ្រោះរញ្ជួយដី​ខាងលើនេះ​ វាយប្រហារត្រង់​ចំណុចស្ថិត​នៅចម្ងាយ ១៦គីឡូម៉ែត្រ ពីភាគនិរតី​នៃកោះ ឡៃឡានី អ៊ីស្តេតស៍ (Leilani Estates) ដែលជាកោះធំមួយ​ក្នុងប្រជុំកោះ​នៃរដ្ឋហាវ៉ៃ កាលពី​វេលា​ម៉ោង ១២៖៣២នាទីរសៀល​ថ្ងៃសុក្រ (ម៉ោងនៅ​ទីក្រុង​វ៉ាស៊ីនតោន) ត្រូវនឹងព្រឹក​ថ្ងៃសៅរ៍នេះ ពេលវេលា​នៅអាស៊ី​ខាងកើត។

សម្រាប់ជម្រៅ​នៃការញ័រ​រញ្ជួយ​គឺតែ ០៥គីឡូម៉ែត្រ ប៉ុណ្ណោះ​ពីក្នុងដី។ ទីភ្នាក់ងារ USGS បានបញ្ជាក់​នៅក្នុង Twitter របស់​ខ្លួនថា «ការរញ្ជួយដីលើក​នេះ វាមិនខុស​ពី​ការរញ្ជួយដី​ដ៏មហាប្រល័យ​កម្រិត ៧.១រ៉ិចទ័រ ដែលបានកើត​មានឡើងកាលពី​ឆ្នាំ១៩៧៥ នោះឡើយ»។ ប្រជាជន​កោះហាវ៉ៃ ត្រូវបានគេ​រាយការណ៍បាន​ចេញពី​អគារនានា មករក​ទីវាល​សុវត្ថិភាព បន្ទាប់ពី​រំញ័រដ៏​ខ្លាំងក្លា ដែលមាន​រយៈពេលត្រឹមតែ ១៥វិនាទី។

គួរបញ្ជាក់​ថា ពុំមានការ​ព្រមានអំពី​រលកយក្ស​ស៊ូណាមិ​នោះទេ ហើយ​ដោយឡែក​ ក៏មិនទាន់មាន​សេចក្តីរាយការណ៍​អំពីមនុស្ស​រងគ្រោះ និងការខូចខាត​នោះ​ដែរ។ សម្រាប់​ភ្នំភ្លើង​ស្ងប់​មួយ ក៏បានបញ្ចេញសកម្មភាព​​ឡើងវិញដែរ តាមរយៈការបញ្ចេញកម្អែល និងផ្សែង​យ៉ាងខ្លាំង ដោយសារ​តែការអង្រួន​ព្រះធរណី​យ៉ាងខ្លាំងក្លានៅ​លើកោះហាវ៉ៃ​នោះ។

តាមរយៈរូបភាព​ដែលថតដោយ​ឧទ្ធម្ភាគចក្រ នៃអាជ្ញាធរ​កោះហាវ៉ៃ ភ្នំភ្លើងបាន​បង្ហូរកម្អែល​ភ្លើងយ៉ាងក្តៅគគុកធ្លាក់មកលើ​ព្រៃឈើ និងទីវាល​មួយចំនួន នៅក្នុងតំបន់​ភាគខាងត្បូង នៃប្រជុំកោះ​ហាវ៉ៃ ដែលបង្ក​ជាការឆាបឆេះ និងទិដ្ឋភាព​ជារួមគួរឲ្យ​ព្រឺព្រួចណាស់៕