(បេរូត)៖ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានគេរំពឹងថា នឹងដកសហរដ្ឋអាមេរិក​​ចេញពីកិច្ចព្រមព្រៀង​​នុយក្លេអ៊ែរអ៊ីរ៉ង់ នៅថ្ងៃទី១២ ខែឧសភា​ ឆ្នាំ២០១៨ សប្តាហ៍​​ក្រោយ​នេះ ហើយប្រាកដ​ណាស់ វានឹងក្លាយ​ជាពេលដែល​គ្រាប់​បែក​ត្រូវកំណត់​ម៉ោង​ឲ្យផ្ទុះហើយ គ្រាន់តែ​គេមិនអាច​ស្មានបានថា វាមាន​ទំហំធំធេង​​កម្រិតណា​នោះ​ឡើយ។ សូមរំលឹក​​បន្តិចថា អ៊ីរ៉ង់​បានចុះហត្ថលេខា​​លើកិច្ចព្រមព្រៀង​​នុយក្លេអ៊ែរ (JCPA) ជា​មួយចិន បារាំង អាល្លឺម៉ង់ អង់គ្លេស រុស្ស៊ី និង​សហរដ្ឋអាមេរិក​​កាលពី​ឆ្នាំ២០១៥។

ផ្អែកលើកិច្ច​ព្រមព្រៀងនេះ ទីក្រុង​តេហេរ៉ង់​យល់ព្រមបញ្ឈប់កម្មវិធីនុយក្លេអ៊ែរ​របស់ខ្លួន ជាថ្នូរនឹង​ការដកទណ្ឌកម្ម​សេដ្ឋកិច្ច។ ប៉ុន្តែ​ការដកខ្លួនរបស់​ទីក្រុង​វ៉ាស៊ីនតោន អាចនឹងធ្វើ​ឱ្យកិច្ចព្រមព្រៀង​នេះ​ រលាយទៅតាម​ខ្យល់។ ម្យ៉ាងទៀត បើសិនជា​រឿងនេះ​កើតឡើង​មែន អ៊ីរ៉ង់អាច​នឹងសងសឹក​វិញ ដោយបំផ្លាញ​ផលប្រយោជន៍​អាមេរិក និងសម្ព័ន្ធមិត្ត​របស់​វ៉ាស៊ីនតោន នៅក្នុង​តំបន់​មជ្ឈិមបូព៌ា។

ខាងក្រោមនេះ​ គឺជាសេណារីយ៉ូដែល​អាចនឹង​កើតឡើង៖

* នៅអ៊ីរ៉ាក់៖ នៅពេល​ដែលពួក ISIS វាយគ្រប់គ្រង​តំបន់ជាច្រើន​របស់អ៊ីរ៉ាក់​ កាលពី​ឆ្នាំ២០១៤ អ៊ីរ៉ង់បាន​ចេញមុខគំាទ្រ​ទីក្រុងបាកដាដ ដោយមិន​បង្អង់​យូរឡើយ។ ចាប់តាំងពី​ពេលនោះមក អ៊ីរ៉ង់បាន​ចាប់ផ្ដើមបំពាក់​អាវុធ និងបណ្ដុះបណ្ដាល​ក្រុមអ្នកប្រយុទ្ធ​ស៊ីអ៊ីត​នៅអ៊ីរ៉ាក់ ដែល គេស្គាល់ថា «កងកម្លាំង​ចលនា​ប្រជាជន ឬ Popular Mobilization Forces (PMF)»។ ដូច្នេះ​បើសិនជា​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​រលាយ នោះអ៊ីរ៉ង់​នឹង​ជំរុញឱ្យ PMF ដែលជា​អ្នកចង់ឱ្យ​សហរដ្ឋអាមេរិក​ ដកកងទ័ព​ចេញពី​អ៊ីរ៉ាក់​ធ្វើសកម្មភាព​ប្រឆាំង ​ក្នុងនោះរួម មានទាំង​ការប្រើប្រាស់​កម្លាំង​យោធា ឬក៏ដឹកនាំ​ការវាយប្រហារ​លើកងទ័ព​អាមេរិក។ ការវាយប្រហារ​លើកងទ័ព​អាមេរិក​ អាចនឹងត្រូវ​ធ្វើឡើង​ដោយ​គ្រាប់រ៉ុក្កែត ឬក៏ការវាយប្រហារ​បំផ្ទុះគ្រាប់បែក​អត្តឃាត នៅតាមផ្លូវ​ក្នុងប្រទេស​អ៊ីរ៉ាក់​ជាដើម។

* នៅស៊ីរី៖ អ៊ីរ៉ង់ និងកងកម្លាំង​ជាសម្ព័ន្ធមិត្តដូចជា​ ក្រុម​ហេសប៊ូលឡា​លីបង់​បាននិង​កំពុងចូលរួមក្នុង​សង្រ្គាមស៊ីរី​ ចាប់តាំង​ពីឆ្នាំ២០១២​មកម្ល៉េះ។ អ៊ីរ៉ង់បាន​ផ្ដល់អាវុធ និងបណ្ដុះបណ្ដាល​កងកម្លាំង​ប៉ារ៉ាស៊ីអ៊ីត ដើម្បីគាំទ្រ​កងកម្លាំង​រដ្ឋាភិបាលស៊ីរី ហើយបើ​តាម​អ៊ីស្រអែល ទីក្រុង​តេហេរ៉ង់​បានជ្រើសរើស​ក្រុមអ្នកប្រយុទ្ធ​ស៊ីអ៊ីត​ យ៉ាងហោច​ណាស់ចំនួន ៨០,០០០នាក់។ វត្តមាន​របស់អ៊ីរ៉ង់ នៅស៊ីរី​បាននាំ​ឱ្យអ៊ីរ៉ង់ និង​អ៊ីស្រាអែល ប៉ះទង្គិចគ្នា​ដោយផ្ទាល់​ជាលើកដំបូង ដោយយន្ដហោះ​ចម្បាំង​អ៊ីស្រាអែល បានដឹកនាំ​ការវាយប្រហារ​តាមផ្លូវអាកាស ជាច្រើនលើក​លើមូលដ្ឋាន​របស់ក្រុមអ្នក​ប្រយុទ្ធអ៊ីរ៉ង់ និងក្រុម​ហេសប៊ូលឡា ក្នុងពេលប៉ុន្មាន​ខែចុង​ក្រោយនេះ។ លើសពីនេះ​ទៅទៀត ក្រុមមន្ត្រី​អ៊ីស្រាអែល ក៏បានអះអាង​ដែរថា ពួកគេនឹងមិន​បណ្ដោលឱ្យ​ទីក្រុងតេហេរ៉ង់ និង​ហេសប៊ូលឡា បង្កើតវត្តមាន​យោធា​ ជាអចិន្ត្រៃយ៍​នៅ​ស៊ីរីជាដាច់ខាត។

បើសិនជាកិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​រលាយ នោះអ៊ីរ៉ង់នឹងកាន់​តែបង្កើនសកម្មភាព​នៅស៊ីរី ក៏ដូចជាអំពាវនាវ​ឱ្យក្រុមអ្នក​ប្រយុទ្ធស៊ីអ៊ីត បើកការវាយប្រហារ​ប្រឆាំងនឹង​អ៊ីសា្រអែល។ អ៊ីរ៉ង់ និងកងកម្លាំង​សម្ព័ន្ធមិត្តរបស់ខ្លួន​ កំពុងគ្រប់គ្រង​ដែនដីស៊ីរី​មួយផ្នែកធំ ដែលនេះ នឹងក្លាយជា​បញ្ហាមួយ​ដ៏ធំ ដល់កងទ័ព​អាមេរិកជាង​ ២,០០០នាក់ ដែលកំពុង​ឈរជើង​នៅភាគ​ខាងជើង និងភាគខាងកើត​ប្រទេសស៊ីរី ដើម្បីគាំទ្រ​កងកម្លាំង​ឃើដ។ ដោយឡែក​កាលពី​ខែមេសា កន្លងទៅទីប្រឹក្សា​ជាន់ខ្ពស់ នៃមេដឹកនាំ​កំពូលអ៊ីរ៉ង់​ធ្លាប់បាន​និយាយថា ស៊ីរី និងសម្ព័ន្ធមិត្ត​សង្ឃឹមថា​ នឹងអាចបណ្ដេញ​សហរដ្ឋអាមេរិក​ចេញពីតំបន់​ភាគខាងកើត​នេះ។

* នៅលីបង់៖ កាលពី​ឆ្នាំ២០០៦ ក្រុម​ហេសប៊ូលឡា​បានវាយ​ប្រយុទ្ធគ្នា​ជាមួយអ៊ីស្រាអែល​ ក្នុងសង្រ្គាម​នៅតំបន់ព្រំដែន​រយៈពេល ៣៤ថ្ងៃ។ យោងតាម​អ៊ីសា្រអែល និង​សហរដ្ឋអាមេរិក អ៊ីរ៉ង់កំពុង​ជួយក្រុមហេសប៊ូលឡា​ សាងសង់​រោងចក្រផលិត​គ្រាប់មីស៊ីល។ កងកម្លាំង​អ៊ីស្រាអែល ក៏ត្រូវបាន​គេរាយការណ៍​ដែរថា បានវាយប្រហារ​លើក្រុម​ហេសប៊ូលឡា​នៅស៊ីរី ជាទីដែលក្រុមនេះ​កំពុងដឹកនាំ​ក្រុមអ្នកប្រយុទ្ធ​ស៊ីអ៊ីត ជាសម្ព័ន្ធមិត្ត​របស់អ៊ីរ៉ង់។ ក្រុម​ហេសប៊ូលឡា គឺចលនា​នយោបាយមួយ​ដ៏ធំ​នៅក្នុងប្រទេស​លីបង់ ហើយក្រុម​មួយនេះ​ធ្លាប់​បានអះអាងថា ខ្លួននឹង​ដកក្រុមអ្នកប្រយុទ្ធ​ស៊ីអ៊ីត​រាប់ពាន់នាក់​ ពីបណ្ដា​ប្រទេសមួយ​ចំនួន ក្នុងនោះ​មាន​ដូចជា អ៊ីរ៉ង់ និងអ៊ីរ៉ាក់ ត្រឡប់មក​កាន់លីបង់វិញ ដើម្បីជួយ​ហេសប៊ូលឡា។

ដូច្នេះបើសិនជាលោក ត្រាំ ពិតជាយក​សហរដ្ឋអាមេរិកចេញ​ពីកិច្ចព្រមព្រៀង​នុយក្លេអ៊ែរអ៊ីរ៉ង់ នោះទីក្រុង​តេហេរ៉ង់ នឹងដាក់​សម្ពាធលើ​ក្រុមហេសប៊ូលឡា កម្ចាត់ក្រុម​អ្នកប្រឆាំង​នឹងពួកគេ ខណៈក្រុមអ្នក​ជំនាញខ្លះ​យល់ថា វាអាចជាការបង្កភាព​ចលាចលនៅ​លីបង់ ដែលជាប្រទេស​ជាប់ព្រំដែនភាគ​ខាងជើង​អ៊ីស្រាអែល និងភាគ​និរតីស៊ីរី។

* នៅយ៉េមែន៖ អ៊ីរ៉ង់​មិនដែលទទួល​ស្គាល់ថា ខ្លួនបានចូលរួម​ដោយផ្ទាល់​ក្នុងសង្រ្គាម​នៅយ៉េមែននោះទេ។ ប៉ុន្តែក្រុម​មន្ត្រីអាមេរិក និង​អារ៉ាប៊ីសាអូឌីត បាននិយាយថា អ៊ីរ៉ង់បាន​និងកំពុងគាំទ្រ​ក្រុមឧទ្ទាម​ស៊ីអ៊ីតហ៊ូទី ជាមួយនឹង​ការផ្គត់ផ្គង់​មីស៊ីល និងអាវុធ​ជាច្រើន។ ក្រុម​ឧទ្ទាមហ៊ូទី បានបាញ់មីស៊ីល​តម្រង់ទៅកាន់​ទីក្រុងរីយ៉ាដ និងរោងចក្រ​ប្រេង​អារ៉ាប៊ីសាអូឌីត ជាច្រើនលើក​ច្រើនសារដោយអះអាងថា វាគឺជាការ​សងសឹក​នឹង​ទីក្រុងរីយាដ សម្រាប់​ការដឹកនាំ​ការវាយប្រហារ​តាមផ្លូវអាកាស​ ប្រឆាំងនឹង​ពួកគេ​នៅយ៉េមែន។ ដូច្នេះបើ​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​រលាយ នោះអ៊ីរ៉ង់អាច​នឹងបង្កើនការ​គាំទ្រ​ដល់ក្រុម​ឧទ្ទាមហ៊ូទី ដែលនេះអាចនឹងទទួលបាន​ចម្លើយតប​វិញភ្លាមៗ ក្នុងនោះ​រួមមានទាំង ការប្រើប្រាស់កម្លាំងយោធា​ពី​អារ៉ាប៊ីសាអ៊ូឌីត និងបណ្ដា​ប្រទេសក្នុងឈូង​សមុទ្រហ្គូល ដូចជា​អេមីរ៉ាអារ៉ាប់រួមជា​ដើម។

* សន្ធិសញ្ញា៖ អ៊ីរ៉ង់មាន​ជម្រើសដោយផ្ទាល់​ជាច្រើន​ ពាក់ព័ន្ធ​នឹងកម្មវិធី​នុយក្លេអ៊ែរ។ ក្រុមមន្ត្រីអ៊ីរ៉ង់​បាន​និយាយថា ពួកគេកំពុង​ពិនិត្យលើ​ជម្រើសមួយ ដែលដកអ៊ីរ៉ង់​ចេញពីកិច្ចព្រមព្រៀង​ មិនរីកសាយ​ភាយអាវុធ​នុយក្លេអ៊ែរ Non-Proliferation Treaty (NPT) ទាំង​ស្រុង។ កិច្ចព្រមព្រៀង​នេះបានចែង​ពីការបញ្ឈប់ និងការមិន​ធ្វើឱ្យរីកសាយ​អាវុធ​នុយក្លេអ៊ែរ។ ចំណែកឯ​មេដឹកនាំ​កំពូល​អ៊ីរ៉ង់ លោក Ayatollah Ali Khamenei ធ្លាប់​បានអះអាងថា អ៊ីរ៉ង់មិនមាន​បំណងអាវុធ​នុយក្លេអ៊ែរ​ឡើយ ប៉ុន្តែបើសិន​ជាអ៊ីរ៉ង់ដក​ខ្លួនចេញ​ពី NPT វានឹង​ធ្វើឱ្យអ៊ីរ៉ង់ បានដៃក្នុង​ការអភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ។

ដូច្នេះបើសិន​ជាលែងមានកិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ទីក្រុងតេហេរ៉ង់​នឹងបង្កើន​ការផលិត​សារធាតុ​អ៊ុយរ៉ាញ៉ូមឡើង ដូចដែល​ប្រធានាធិបតី​អ៊ីរ៉ង់ លោក ហាសាន់ រូហានី ធ្លាប់បាន​ព្រមាន​លោក ដូណាល់ ត្រាំ។ មួយវិញ​ទៀត ទីភ្នាក់ងារ​អាតូមិច​បាន​បញ្ជាក់ថា បច្ចុប្បន្ន​អ៊ីរ៉ង់​មានសមត្ថភាព​ផលិត ឬចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមក្នុងកំរិតមួយ​ខ្ពស់បំផុត នៅមុនពេល​អ៊ីរ៉ង់ចុះកិច្ចព្រម​ព្រៀងនុយក្លេអ៊ែរ​ទៅទៀត។

គួរបញ្ជាក់ថា នៅថ្ងៃទី១២ ខែឧសភា​ខាងមុខនេះ ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ នឹងសម្រេចចិត្តថា ត្រូវបន្តរក្សា​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរអ៊ីរ៉ង់​កាលពីឆ្នាំ២០១៥ ដែរឬក៏យ៉ាង​ណា ខណៈក្រុមអ្នក​ជំនាញមើលឃើញថា ប្រធានាធិបតី​អាមេរិក​រូបនេះ នឹងយកសហរដ្ឋអាមេរិក​ចេញពីកិច្ចព្រមព្រៀង​មួយនេះ តាមការចង់បាន​របស់​អ៊ីស្រាអែល៕

ប្រភព៖ Reuters​