(វ៉ាស៊ីនតោន)៖ ព័ត៌មានមួយចំនួនបានបញ្ជាក់ថា ក្រសួង​ការពារជាតិ​អាមេរិកបានចេញ​បញ្ជាមួយ ឱ្យមាន​ការរៀបចំ​សម្លឹកមើលអំពីលទ្ធភាពដែលអាចទៅរួច ក្នុងការកាត់បន្ថយ​ចំនួន​កងទ័ព​អាមេរិក ដែលកំពុងឈរជើង​នៅ​កូរ៉េខាងត្បូង ខណៈទីប្រឹក្សា​សន្តិសុខជាតិ​កូរ៉េខាងត្បូង​ លោក ជុង អ៊ុយយ៉ុង (Chung Eui-yong) ត្រូវបាន​គេរាយការណ៍​ថា កំពុងបំពេញ​ទស្សនកិច្ច​នៅ​សហរដ្ឋអាមេរិក។ នេះបើតាម​ប្រព័ន្ធផ្សព្វ​ផ្សាយ​នៅក្នុងស្រុក ដកស្រង់​ដោយ​សារព័ត៌មាន CGTN នៅរសៀលថ្ងៃសុក្រ ទី០៤ ខែឧសភា ឆ្នាំ២០១៨។

កាសែត​អាមេរិក New York Times ផ្អែកលើប្រភព​ពីក្រុមមន្ត្រីអាមេរិក ​ដែលដឹងលឺ​ពីព័ត៌មាន​នេះ​បានឱ្យបង្ហើបថា ការកាត់​បន្ថយចំនួនកងទ័ពអាមេរិក​ នឹងមិនក្លាយ​ជារបៀបវារៈ​សំខាន់ សម្រាប់ជំនួប​កំពូលរវាង​លោក ដូណាល់ ត្រាំ និងលោក គីម​ ជុងអ៊ុន ដែលគ្រោង​នឹង​ធ្វើឡើងនៅ​ចុងខែ​ឧសភា ឬនៅដើម​ខែមិថុនា នោះទេ។

បន្ថែមពី​លើនេះ ពួកគេក៏បាន​បញ្ជាក់ដែរថា បើទោះ​ជាការដក​កងទ័ព អាមេរិក​ទាំងស្រុង​ទំនងជានឹងមិនកើតឡើង​ក៏ដោយ តែបើសិនជា​មានសន្ធិសញ្ញា​សន្តិភាព​រវាងសេអ៊ូល និងព្យុងយ៉ាង នោះ​វាអាចនឹងកាត់បន្ថយភាព​ចាំបាច់សម្រាប់​កងទ័ពអាមេរិក​ខ្លះៗក្នុង​ចំណោម​ទ័ពទាំងអស់ ២៨,៥០០នាក់ ដែលកំពុង​ឈរជើងនៅ​លើ​ឧបទ្វីបកូរ៉េ។ តែទោះបីជា​យ៉ាងនេះក្ដី មន្ត្រីសន្តិសុខជាតិ​អាមេរិកម្នាក់​បានប្រាប់ទីប្រឹក្សា​សន្តិសុខជាតិ​កូរ៉េខាងត្បូង លោក Chung Eui-yong​ ថា ព័ត៌មាននេះ​គឺជារឿង​មិនពិត។

គួររំលឹកថា លោកធ្លាប់បាន​ព្រមានថា កងទ័ពអាមេរិកនឹងត្រូវបាន​កាត់បន្ថយ បើសិនជា​កូរ៉េខាងត្បូងមិនជួយ​ចេញថ្លៃ​ចាយវាយ ឱ្យ​ទីក្រុង​វ៉ាស៊ីនតោនទេនោះ។ ដោយឡែក កាលពីថ្ងៃពុធ កូរ៉េខាងត្បូង​បានឱ្យដឹងថា បញ្ហាកងទ័ព​អាមេរិកឈរជើង​នៅកូរ៉េខាងត្បូង មិនមាន​ជាប់ពាក់ព័ន្ធ​នឹងអនាគត​ នៃសន្ធិសញ្ញា​សន្តិភាព​ឡើយ ហើយថា​កងទ័ពអាមេរិក​ គួរតែតែបន្តស្ថិតនៅ​កូរ៉េខាងត្បូង បើទោះជា​មានកិច្ច ព្រមព្រៀង​សន្តិភាព​ក៏ដោយ៕