(រីយ៉ូ)៖ ក្រុមហ៊ុន​ផលិតយន្តហោះ​ប្រេស៊ីល អេមប្រាយឺ (Embraer) បានប្រកាស​នៅ​ថ្ងៃព្រហស្បតិ៍ (ម៉ោងនៅទីក្រុងរីយ៉ូ) សប្តាហ៍​នេះថា អាកាសចរណ៍​អាមេរិក (American Airlines) នៃ​សហរដ្ឋអាមេរិក​បានបញ្ជាទិញ​យន្តហោះចំនួន ១៥គ្រឿង ពីក្រុមហ៊ុននេះ​នៅក្នុង​តម្លៃ ៧០៥លានដុល្លារ​។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នារសៀល​ថ្ងៃសុក្រ ទី០៤ ខែឧសភា ឆ្នាំ២០១៨។

យោងតាម​ក្រុមហ៊ុន Embraer យន្តហោះដែលត្រូវ​បាន​កុម្ម៉ង់ទិញនោះ​ជាប្រភេទ E175 Jet ដែលនឹងត្រូវបញ្ជូន​ដល់ដៃអតិថិជន​នៅអំឡុង​ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយរួមបញ្ចូលទាំង​យន្តហោះប្រភេទខាងលើនេះ​បីគ្រឿងទៀត ដែលត្រូវបាន​ចុះហត្ថលេខារួចមក​ហើយ កាលពីលើកមុន។ កិច្ចព្រមព្រៀង​ថ្មីខាងលើនេះ ធ្វើឲ្យចំនួន​យន្តហោះ​ដែលអាកាសចរណ៍​អាមេរិក​បានបញ្ជា​​ទិញពីក្រុម Embraer កើន​ឡើង​ដល់ ៨៩គ្រឿង។

គួរបញ្ជាក់ E175 Jet គឺជាយន្តហោះ​ខ្នាតមធ្យមសម្រាប់បម្រើ​វិស័យឯកជន ជាពិសេសការ​ធ្វើដំណើរ​កម្សាន្ត​ថ្នាក់តំបន់ ដែលជាម៉ូដែលលក់ដាច់​បំផុតរបស់​ក្រុមហ៊ុន Embraer នៃប្រទេស​ប្រេស៊ីល។ ក្រុមហ៊ុននេះ​បានលក់យន្តហោះ​ប្រភេទខាងលើ អស់​ប្រមាណជាង ៤០០គ្រឿង​ទៅហើយ គិតចាប់តាំង​តែពី​ឆ្នាំ២០១៣ មកដល់​នឹង​ពេលបច្ចុប្បន្ន៕