(អាមេរិក)៖ អ្នកមានធ្លាប់​ឆ្ងល់ដែរទេ​ថា តើយើងទាំងអស់គ្នាអាច​ទប់ស្កាត់សង្រ្គាម មិនឲ្យផ្ទុះ​ឡើងនៅទីអវកាស​ដែរឬទេ? តើច្បាប់អ្វីខ្លះ​​ទៅ​ដែលអាច​អនុវត្តន៍ទៅ​លើរឿងនេះ? បច្ចុប្បន្ន​ក្រុមអ្នកជំនាញ​ផ្នែកច្បាប់ កំពុងធ្វើការ​ជជែកដេញដោល​លើសំណួរ​ទាំងនេះ ព្រមទាំង​​ចម្ងល់​ដ៏​ទៃ​ទៀត ខណៈពួកគេ​កំពុងធ្វើការ​រៀបចំសេចក្តីណែនាំ ក៏ដូចជា​ផ្តល់​ព័ត៌មាន​​អំពីបញ្ហា​ថា តើច្បាប់នៅ​លើផែនដី អាចត្រូវយក​ទៅអនុវត្តន៍​ដោយ​របៀបណា ទៅលើការធ្វើ​សង្រ្គាមក្នុង​លំហអាកាស។ នេះបើតាម​ការដកស្រង់​ការផ្សាយ​ចេញពី វែបសាយ Space.com នៅព្រឹក​ថ្ងៃ​សុក្រ ទី០៤ ខែឧសភា ឆ្នាំ២០១៨។

ក្តីសង្ឃឹម​នៃការ​ធ្វើ​ដូច្នោះ គឺវាប្រហែល​ជាអាចជួយបង្ការ​​សង្រ្គាមដ៏អន្តរាយ​បែបនេះ មិនឲ្យកើត​មានឡើង​បាន តាមរយៈការលើក​ឡើងឲ្យ​ពិភពលោក​បានឃើញ​ជាក់ច្បាស់ អំពីផលវិបាក​ដែលអាចលេច​ឡើង​​របស់វា។ ​ផ្កាយរណប និងឧបករណ៍​ឯទៀតៗ ក្នុង​ទីអវកាស ឥឡូវ​នេះ​​មានសារៈសំខាន់​ជាខ្លាំង សម្រាប់ប្រព័ន្ធ​ធ្វើការទាក់ទង ប្រព័ន្ធធ្វើ​ដំណើរ ប្រព័ន្ធ​ឃ្លាំមើល និង​ប្រព័ន្ធ​ប្រកាសអាសន្ន​នាសម័យថ្មីនេះ។ ប្រការ​នេះ ធ្វើឲ្យពួកវា គឺជាគោលដៅ​គួរឲ្យទាក់ទាញ​ជាងគេ ​សម្រាប់​បញ្ហាជម្លោះ​ប្រដាប់អាវុធ​ នាថ្ងៃអនាគត​នៅទីអវកាស។

ជាមួយគ្នានេះ បច្ចេកវិទ្យា​សម្រាប់ការធ្វើ​ប្រតិបត្តិការ ដូចជា​ប្រព័ន្ធ​ប្រឆាំង​ផ្កាយរណប និងប្រព័ន្ធ​រំខាន​ GPS (​ប្រព័ន្ធបង្ហាញផ្លូវ) នោះ គឺមាន​វត្តមានរួចស្រេច​ទៅហើយ។ ដោយឡែក មនុស្សភាគច្រើន​មិនបានដឹង​ឡើយថា ប្រព័ន្ធហិរញ្ញវត្ថុ​របស់ពិភពលោក​សព្វថ្ងៃ ពឹងផ្អែក​​ទៅ​លើ​ប្រព័ន្ធ GPS ធំធេង​ប៉ុណ្ណានោះ គឺវាត្រូវគេ​ប្រើប្រាស់​ដើម្បីជួយផ្តល់​ភាពត្រឹមត្រូវ​ ដល់ការ​ធ្វើការគ្រប់គ្រងចរន្ត​លុយ ហើយ​ប្រសិន​បើ​ឧបករណ៍​​​អវ​កាស ដែល​គ្រប់គ្រង GPS ត្រូវបានបំផ្លាញ​ចោលនោះ ទីផ្សារហិរញ្ញវត្ថុ​នឹងត្រូវ​ជាប់​គាំង។

ការយល់​ឃើញថា​ ទីអវកាស​គឺជាសមរភូមិនៃសង្រ្គាម​មួយនោះ គឺវាពិបាក​សម្រាប់ឲ្យមនុស្ស​ជាច្រើននាក់ ស្រមៃ​មើលឃើញ ប៉ុន្តែតាម​ពិត​​ទៅ ទីអវកាស បានស្ថិតនៅ​ក្រោមក្តីព្រួយបារម្ភ​ នៃបញ្ហាសន្តិសុខជាតិ​រួចស្រេច​ទៅហើយ។ ម៉្យាងវិញ​ទៀត ខណៈបញ្ហា​ទាំងនេះ ពុំមែនជា​អ្វី​ថ្មីនោះ បញ្ហាសន្តិសុខ​ផ្នែកអវកាស នាពេល​បច្ចុប្បន្នស្រាប់តែ​ទទួលបានការចាប់​អារម្មណ៍​ជាខ្លាំង ពីពិភពលោក។ តួយ៉ាង កាលពី​ខែមីនា​​កន្លងទៅ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវ​ឲ្យមានការបង្កើត​​កងយោធា​អាមេរិក ​នៅទីអវកាស​ជាដើម។

យ៉ាងណាមិញ ច្បាប់ដែល​គ្រប់គ្រងទៅលើការប្រើប្រាស់​កម្លាំងយោធា នៅទីអវកាស គឺពុំទាន់មាន​ភាពច្បាស់លាស់​នៅឡើយទេ​នាពេល​នេះ។ មួយវិញទៀត សន្ធិសញ្ញា​អន្តរជាតិមួយ​ចំនួនតូច ដែលចែងពី​បញ្ហានៅ​ទីអវកាស ផ្តល់បទ​បញ្ញតិតិចតួច ទៅលើសកម្មភាព​ក្នុងទីអវ​កាស​នាសម័យថ្មីនេះ រួមទាំងការ​ប្រើប្រាស់ទីអវកាស​ សម្រាប់វិស័យ​ពាណិជ្ជកម្ម និងយោធា។

ដូច្នេះហើយ ការយល់ដឹង​កាន់តែច្បាស់​បន្ថែម អំពីរបៀបដែល​ច្បាប់អន្តរជាតិនៅ​លើផែនដី អាចយកទៅអនុវត្តន៍​លើបញ្ហាជម្លោះ​ក្នុង​ទី​អវ​កាស ប្រហែលជានឹង​ជួយដល់ការធ្វើ​កិច្ចការទូត និងការព្រមព្រៀង​លើសន្ធិសញ្ញា ដើម្បីទប់ស្កាត់​សង្រ្គាម​បែបនេះ។ គោលដៅនោះ គឺដើម្បី​បង្ការ​​សង្រ្គាម​អាក្រក់នេះ មិនឲ្យកើត​ឡើងតាំងពី​ដំបូងតែម្តង ឬក៏ដើម្បី​កំណត់ការឆ្លើយតប​ ដែលសមស្របនានាបំផុត ចំពោះសកម្មភាព​ណាមួយ នៅ​ទីអវកាស។

ដើម្បីសម្រេច​​ឲ្យបាននូវគោលដៅ​ខាងលើនេះ ក្រុមអ្នកជំនាញអន្តរជាតិ​ផ្នែកច្បាប់មួយក្រុម កំពុងអភិវឌ្ឍន៍​នូវអ្វីដែលពួកគេ​សង្ឃឹមថា នឹង​ក្លាយជា​ឯកសារគោលស្តី​ពីច្បាប់យោធា​ និងសន្តិសុខ ដែលត្រូវ​អនុវត្តន៍នៅ​ទីអវកាស។ ឯកសារនេះ​មាន​ឈ្មោះថា Woomera Manual of the International Law of Military Space Operations។

គួរជម្រាបថា ខណៈឯកសារ​បែបនេះ ពុំមែនជា​ច្បាប់ផ្លូវការ​ក៏ដោយ ពួកវាអាច​ផ្តល់ការណែនាំ​ដ៏សំខាន់ៗ ​និងអាចជា​ធនធានយ៉ាង​មានអត្ថ​ន័យ​មួយ​ សម្រាប់អ្នកតាក់តែង​ច្បាប់​ទាំងឡាយ នៅពេលដែល​ពួកគេ​ទាំងនោះ ធ្វើការព្រាង និងពិចារណា​ទៅលើ​ច្បាប់ ឬក៏កិច្ចព្រមព្រៀង​​អន្តរជាតិ​ថ្មីៗ។ ឯកសារណែ​នាំខាងលើនេះ ត្រូវបានគេប្រកាស​ជាលើកដំបូង​កាលពីខែមេសា​កន្លងទៅ ហើយវាត្រូវ​គេរំពឹងថា នឹងបញ្ចប់ជា​​ស្ថាពរ​នៅ​ឆ្នាំ២០២០៕