(ចិន)៖ ក្រុមហ៊ុន​មួយ​​របស់​ប្រទេសចិន ដែលមាន​ឯកទេសខាង​ផលិតឧបករណ៍​ដ្រូន បានបំបែក​កំណត់ត្រា​ពិភពលោក Guiness World Record ក្នុងការ​បង្ហោះដ្រូន​បាន​ច្រើនជាងគេ​ក្នុងពេល​តែមួយ សម្រាប់​រយៈពេល ១៣នាទី ដោយក្នុង​ពេលនោះ ឧបករណ៍​ដ្រូន​​ប្រមាណ​ ១,៣៧៤គ្រឿង ត្រូវបាន​ពង្រាយសំកាំង​លើផ្ទៃមេឃ​ប្រវែងជាង ០១គីឡូម៉ែត្រ។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញ​ពីសារព័ត៌មាន​ Daily Mail (Mail Online) នៅព្រឹក​ថ្ងៃសុក្រ ទី០៤ ខែឧសភា ឆ្នាំ២០១៨។

ក្រុមហ៊ុនចិន​​ខាងលើមាន​​ឈ្មោះថា EHang Egret បានបំបែក​​កំណត់ត្រា​​ចាស់​របស់ក្រុមហ៊ុន​​បច្ចេកវិទ្យា​​អាមេរិក Intel ដែលកាល​ពីអំឡុង​​​ការប្រកួតកីឡា​អូឡាំពិក​​រដូវរងារ នាខែកុម្ភៈ​កន្លង​ទៅ ក្នុងប្រទេស​​កូរ៉េខាងត្បូង បានបង្ហោះ​ឧបករណ៍​ដ្រូន​ចំនួន ១,២១៨គ្រឿង ជាក្រុម​តែម្តង។ ​

នៅ​ក្នុង​ការបំបែក​កំណត់ត្រា ដែលបានកើត​ឡើងកាលពី​ថ្ងៃអាទិត្យសប្តាហ៍មុននេះ នៅឯទីក្រុងទេសចរណ៍​ស៊ីអាន (Xi'an) នៃប្រទេស​ចិន ​ដ្រូន​ជិត ១,៤០០គ្រឿង ខាងលើ​បាន​បញ្ចេញភ្លើងជា​ទម្រង់ 3-D ចំនួន ១៦បែប​ខុសៗគ្នា រួមមានទាំង​សត្វអូដ ព្រះពុទ្ធ និងរថភ្លើង​ល្បឿន​លឿន​​ជា​​ដើម។

គួរជម្រាបថា កាលពី​ខែសីហា ឆ្នាំ២០១៧វិញ ក្រុមហ៊ុនចិន​មួយផ្សេងទៀត​មានឈ្មោះថា WL Intelligent Technology Co Ltd បានបំបែក​​កំណត់ត្រា​​ពិភពលោក សម្រាប់ការ​បញ្ជាមនុស្សយន្ត ​ឲ្យរាំព្រមគ្នា​ក្នុងពេល​តែមួយ ដោយមនុស្ស​យន្តទាំងនោះ​ គឺប្រភេទ Bipedal។ ប៉ុន្តែ​ក្រោយ​មកកំណត់ត្រា​នេះ ត្រូវបានបំបែក​ដោយក្រុមហ៊ុន​មួយរបស់​អ៊ីតាលី បានបញ្ជា​មនុស្សយន្ត​ដល់ទៅ ១,៣៧២គ្រឿង​ឲ្យរាំ៕