(ព្រុចសែល)៖ គណៈកម្មការអឺរ៉ុប​បានប្រកាសថា កំណើនសេដ្ឋកិច្ច​ក្នុងតំបន់ចាយ​បា្រក់អឺរ៉ូ នៅតែមាន​ភាពរឹងមំា ប៉ុន្តែក៏បាន​ព្រមានស្របពេល​គ្នាផងដែរថា​ ជម្លោះពាណិជ្ជកម្ម​ដោយសារតែ​គំនិតគាំពារ​និយម គឺជាការគំរាម​កំហែង​យ៉ាងធ្ងន់ធ្ងរ​ ដ​ល់កំណើនសេដ្ឋកិច្ច​សកល។ នេះ​បើតាម​ការចេញ​ផ្សាយដោយ​ ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី០៤ ខែឧសភា ឆ្នាំ២០១៨។

យោង​តាម Economic Forecast អាត្រា​កំណើនសេដ្ឋកិច្ច​នៃសហភាព​អឺរ៉ុប និងតំបន់​ចាយប្រាក់​អឺរ៉ូ បានកើនឡើង​ខ្ពស់លើស​ការរំពឹង​ទុកកាលពី​ឆ្នាំ២០១៧ ជាមួយ​កំណើន ២.៤ភាគរយ។ មិនតែ​ប៉ុណ្ណោះ កំណើននេះ​នៅតែរក្សាបាន​នូវភាពរឹងមាំ​ក្នុងឆ្នាំ២០១៨នេះ ហើយវាអាច​នឹងថយចុះ​បន្តិចបន្តួច​នៅក្នុងឆ្នាំ២០១៩ ដោយមាន​កំណើន ២.៣ភាគរយ។

តែទោះជាយ៉ាងក្ដី គណៈកម្មការ​អឺរ៉ុបបានព្រមានថា គំនិតគាំពារនិយម​ គឺជាគ្រោះថ្នាក់មួយ​ដល់កំណើន​សេដ្ឋកិច្ច​សកល។ «ហានិភ័យ​ដ៏ធំដល់កំណើនសេដ្ឋកិច្ច​សកល​ គឺការគាំពារ​និយម ដែលមានតែ​ផ្ដល់ការឈឺចាប់​សម្រាប់ប្រជាជន​របស់យើង»។ នេះគឺជា​ការលើក ឡើងរបស់​លោក Pierre Moscovici ជាស្នងការទទួល​បន្ទុកសេដ្ឋកិច្ច និងកិច្ច​ហិរញ្ញវត្ថុ ពន្ធដារ និងពន្ធគយ។

គួរបញ្ជាក់ថា បើតាម​លោក Moscovici ជម្លោះពាណិជ្ជកម្ម​បច្ចុប្បន្ន និងគោលនយោបាយ​គាំពារនិយម​របស់រដ្ឋបាល​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ កំពុងគំរាមកំហែង​ដល់កំណើន​សេដ្ឋកិច្ច​សកល៕