(ដាម៉ាស់)៖ នាយករដ្ឋមន្ត្រីស៊ីរី លោក អ៊ីមេដ ខាមីស (Imad Khamis) បានចូលរួម​ពិធីសម្ពោធគំរោង​ផលិត​ឧស្ម័នមួយ នៅឯ​តំបន់​ការ៉ា (Qara) និងអាល់ប៊ួរេច (al-Bureij) ស្ថិត​នៅភាគខាងជើង​ទីក្រុង​ដាម៉ាស់។ នេះបើតាម​ការចេញ​ផ្សាយ​ដោយ​ ទីភ្នាក់ងារព័ត៌មាន​ចិន​ ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី០៤ ខែឧសភា ឆ្នាំ២០១៨។

ជាមួយគ្នា​នោះដែរនៅក្នុងជំនួប​ជាមួយកម្មករ នៅ​ថ្ងៃព្រហស្បតិ៍​សប្ដាហ៍នេះ លោក Khamis បាន​និយាយថា គំរោងផលិត​ឧស្ម័ននេះអភិវឌ្ឍន៍ឡើង​ដោយក្រុមអ្នក​ជំនាញ​ស៊ីរី​ដោយផ្ទាល់ ហើយវាមាន​សមត្ថភាព​ផលិត​ឧស្ម័ន ០១លានម៉ែត្រ​គូប ក្នុងរយៈពេល​មួយថ្ងៃ។ លោក បន្ថែមថា គំរោងនេះ​គឺជាសារមួយ​ផ្ញើទៅកាន់​ពិភពលោកថា ប្រជាជន​ស៊ីរី​បានប្ដេជ្ញា​ចិត្តកសាង​ប្រទេស​របស់ខ្លួន​ឡើងវិញ ​លើគ្រប់វិស័យ​ទាំងអស់​ក្រោយពួកភេរវករ​បំផ្លាញ​អស់រយៈពេល​ជាច្រើនឆ្នាំ​មកនេះ។

គួរបញ្ជាក់ថា បើតាម​នាយករដ្ឋមន្ត្រី លោក Imad Khamis ការស្ដារវិស័យ​ថាមពល គឺជាអាទិភាពមួយរបស់រដ្ឋាភិបាល​ស៊ីរី​ ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ និងសេដ្ឋកិច្ច​ឡើងវិញ​ហើយថា គំរោងឧស្ម័ន​ដែល​នៅសល់ នឹងត្រូវប្រតិបត្តិការ​ក្នុងរយៈពេលប៉ុន្មានឆ្នាំ​ខាងមុខ​នេះ៕