(វ៉ាស៊ីនតោន)៖ ព័ត៌មានថ្មី​ជាច្រើនបាន​បង្ហាញថា អាវុធ​ឡាស៊ែរ HELIOS របស់ក្រុមហ៊ុន​អាមេរិក Lockheed Martin អាចនឹងត្រូវ​គេយកទៅជំនួស​កាំភ្លើងយន្ដ និងប្រព័ន្ធមីស៊ីល​​ ដែលបំពាក់នៅ​លើនាវាចម្បាំង​អាមេរិក។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី០៤ ខែឧសភា ឆ្នាំ២០១៨។

HELIOS ក្នុង​ភាសាក្រិកមានន័យថា «ព្រះនៃ​ព្រះអាទិត្យ» គឺជាប្រភេទ​អាវុធឡាស៊ែរ​ ដ៏មានឥទ្ធិពល​ដែលកងទ័ពជើងទឹក​អាមេរិកមិន ធ្លាប់បានប្រើ​ពីមុនមក។ ពោលគឺបើ​តាមគំរោងអាវុធ​ឡាស៊ែរ​នេះ នឹងត្រូវគេបង្កើន​កម្លាំង​រហូតដល់ទៅ ១៥០គីឡូវ៉ាត់​ឯណោះ បើធៀប​ទៅនឹង​អាវុធ​ឡាស៊ែរ Laser Weapon System (LaWS) បំពាក់នៅ​លើនាវាចម្បាំង​អាមេរិក USS Ponce កាលពី​ឆ្នាំ២០១៤ ដែល មានកម្លាំង​ត្រឹមតែ ៣០គីឡូវ៉ាត់​ប៉ុណ្ណោះ។

គួរបញ្ជាក់ថា បើតាមកងទ័ព​ជើងទឹក​អាមេរិក​មានគំរោង​បំពាក់ HELIOS នៅលើនាវា​ចម្បាំង​ក្នុងរយៈពេល ២៤ខែខាងមុខ ដើម្បីជំនួស​ប្រព័ន្ធ​អាវុធ MK-15 Phalanx Close-in Weapons System (CIWS) និងប្រព័ន្ធ​មីស៊ីល RIM-116 នៅលើ​កងនាវា​អាមេរិក៕