(ព្យុងយ៉ាង)៖ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តី​ការបរទេស​ចិន លោក វ៉ាង យី (Wang Yi) នាថ្ងៃព្រហស្បតិ៍នេះ​បានជួបពិភាក្សា​ការងារ ជាមួយ​​ប្រមុខ​ដឹកនាំកំពូល​កូរ៉េខាងជើង លោក គីម ជុងអ៊ុន។ នេះបើតាមការ​ចេញផ្សាយដោយ​ សារព័ត៌មាន CGTN នៅល្ងាច​ថ្ងៃព្រហស្បតិ៍ ទី០៣ ខែ​ឧសភា ឆ្នាំ២០១៨។

ក្រោមការអញ្ជើញ​របស់រដ្ឋមន្រ្តី​ការបរទេស​កូរ៉េខាងជើង លោក រី យ៉ុងហូ (Ri Yong Ho) លោក វ៉ាង កំពុងស្ថិតក្នុង​ប្រទេស​កូរ៉េខាងជើង សម្រាប់ការបំពេញ​ដំណើរទស្សនកិច្ច​រយៈពេលពីរថ្ងៃ គឺតាំងពីថ្ងៃពុធ​ម្សិលមិញ។ នៅក្នុងជំនួប​ពិភាក្សា​ជាមួយ លោក Ri ដែលជាសមភាគី​​​កាលពី​ម្សិលមិញ លោក វ៉ា បានសង្កត់ធ្ងន់​ថា ចិនគាំទ្រយ៉ាងពេញ​ទំហឹងចំពោះកិច្ចខិតខំ​ប្រឹងប្រែង​របស់កូរ៉េខាងជើង ក្នុងការសម្រេច​ឲ្យ​បាន​នូវគោលដៅ​លុបបំបាត់​អាវុធនុយក្លេអ៊ែរ ចេញពី​ឧបទ្វីបកូរ៉េ។

​ជាមួយគ្នានេះ លោក វ៉ាង យី ក៏បានឆ្លៀតឱកាស​ជជែកអំពីជំនួបកំពូល​អន្តរកូរ៉េ​ផងដែរ ដោយបាន​កោតសរសើរ​ថា វាកំពុងនាំយកនូវ​ឱកាស​​​ប្រកបដោយ​អត្ថប្រយោជន៍​ សម្រាប់ការស្វែងរក​ដំណោះស្រាយ នៃបញ្ហាក្នុង​តំបន់​ឧបទ្វីបកូរ៉េ។

គួរជម្រាបថា ដំណើរទស្សនកិច្ច​របស់រដ្ឋមន្រ្តីការបរទេស​ចិនរូបនេះ បាន​កើត​មាន​​ឡើងនៅក្រោយ កិច្ចប្រជុំកំពូល​ជាប្រវត្តិសាស្រ្ត​​​រវាង​លោក គីម ជុងអ៊ុន និងប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូន ជែអ៊ីន កាលពី​សប្តាហ៍មុន នៅមុនគម្រោង​នៃជំនួបកំពូល​មួយផ្សេងទៀត រវាង​​លោក គីម និង​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ដែលនឹងប្រព្រឹត្ត​ទៅក្នុងពេល​ប៉ុន្មានសប្តាហ៍​ទៀត៕