(ម៉ូស្គូ)៖ ស្ថានីយទូរទស្សន៍​អាមេរិក CNBC បាន​រាយការណ៍ថា ចិនបានលួចលាក់​តម្លើងប្រព័ន្ធមីស៊ីល​ប្រឆាំងនឹង​នាវាមុជទឹក និង​មីស៊ីល​ការពារ​ដែនអាកាស នៅលើទីតាំងចំនួនបី​ក្នុងតំបន់​សមុទ្រចិន​ខាងត្បូង។ នេះបើតាម​ការចុះផ្សាយ​បន្តដោយ​សារព័ត៌មាន Sp​utnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៣ ខែឧសភា ឆ្នាំ២០១៨។

CNBC ផ្អែកលើប្រភព​ពីក្រុមមន្ត្រី​អាមេរិក ក្នុងលក្ខខណ្ឌ​មិនបញ្ចេញ​ឈ្មោះ បានឱ្យដឹងថា តំបន់ដែលចិន​លួចលាក់ ​តម្លើង​មីស៊ីល​កាលពីជាង ៣០ថ្ងៃមុននោះ រួមមាន​កោះ Fiery Cross Reef Subi Reef និងកោះ Mischief Reef។ មិនតែប៉ុណ្ណោះ បរិក្ខាយោធាផ្សេងទៀត​ ក៏ត្រូវបានថតជាប់​ផងដែរដោយ​ផ្កាយរណប នៅក្បែរ​កោះ វូឌី (Woody) នៃទីប្រជុំកោះផារ៉ាសែល (Paracel) ជាទីដែលចិន​ត្រូវបាន គេអះអាងថា បានសង់​មូលដ្ឋានយោធា​នៅទីនោះ។

គួរបញ្ជាក់ថា បើតាម​​សារព័ត៌មាន Asia Times ទីក្រុងប៉េកាំង​​ក៏បាននិងកំពុង​​សាងសង់​ មូលដ្ឋានយោធា​​នៅឯទីក្រុង សាន់យ៉ា (Sanya) ស្ថិតនៅ ភាគខាងត្បូងកោះ​ហៃណាន (Hainan) ក្នុងសមុទ្រ​ចិនខាងត្បួងផងដែរ ដើម្បីដាក់ពង្រាយ​យានមុជទឹកទំាងមាន និងមិន មានមនុស្ស​បញ្ជា។ ចំណែកឯ សារព័ត៌មាន​ចិន Chinese People's Daily ថែមទាំង​អះអាង​ទៀតថា ក្រុមកម្មករចិន​កំពុងបញ្ចប់ការ​សាងសង់ មជ្ឈមណ្ឌស្រាវជ្រាវ​ថ្មីមួយ សម្រាប់ការ​ស្រាវជ្រាវ​សមុទ្រ និងប្រមូល​ទិន្នន័យ​នៅត្រឹម​ឆ្នាំ២០១៩៕