(ម៉ូស្គូ)៖ យន្តហោះចម្បាំង​រុស្ស៊ីធុន Su-30SM មួយគ្រឿង បានធ្លាក់នៅក្នុងប្រទេសស៊ីរី ហើយ​អាកាសយានិក​ទាំងពីរនាក់​ នៅលើយន្តហោះ​នោះបានបាត់​បង់ជីវិត។ នេះបើតាម​ការចេញផ្សាយដោយ​ សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៣ ខែឧសភា ឆ្នាំ២០១៨។

បើតាមសេចក្តី​ប្រកាសរបស់​ក្រសួងការពារជាតិ​រុស្ស៊ី យន្តហោះចម្បាំង​ខាងលើបានធ្លាក់ ក្នុងអំឡុងពេល​ហោះហើរនៅលើ​ផ្ទៃ​សមុទ្រ​មេឌី​ទែ​រ៉ាណេ ក្រោយពីវា​ទើបតែបានធ្វើដំណើរ​ ចេញពីមូលដ្ឋានទ័ព​អាកាសរុស្ស៊ី ហាមៃមីម (Hmeymim) ប្រចាំនៅ​ក្នុង​ប្រទេសស៊ីរី ហើយ​អាកាសយានិក​ទាំង​ពីរ​រូប បានព្យាយាម​សង្រ្គោះយន្តហោះ​របស់ពួកគេ ដល់វិនាទីចុង​ក្រោយនោះ បានបាត់​បង់ជីវិត នៅក្នុង​ហេតុការណ៍​នេះ។

គួរជម្រាបថា យោងតាមការ​បញ្ជាក់ពីក្រសួង​ខាងលើដដែល យន្តហោះចម្បាំង​មួយគ្រឿងនេះ ពុំត្រូវបានគេ​បាញ់ទម្លាក់​នោះឡើយ ហើយ​​ព័ត៌មាន​បឋម បានឲ្យ​ដឹងថា កត្តាបុកទង្គិចនឹងសត្វបក្សី​ ប្រហែលជាបានបង្កឲ្យមានគ្រោះថ្នាក់ដ៏​អាក្រក់​នេះ៕