(វ៉ាស៊ីនតោន)៖ កង​កម្លាំងទ័ព​អាកាសអាមេរិក កំពុងមាន​មោទនភាព​យ៉ាងខ្លាំង​ ចំពោះការ​រីកចំរើន​ក្នុង​ការអភិវឌ្ឍ និងការធើ្វ​តេស្ដ​សាក​ល្បងគ្រាប់​បែក​បរមាណូរបស់​​ខ្លួន ខណៈរុស្ស៊ី​​មើល​ឃើញ​ថា នេះគឺជាអាកប្បកិរិយា​បង្ករឿង​ថ្មីមួយ។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន Russian Today នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៣ ខែឧសភា ឆ្នាំ២០១៨។

ក្រោម​គោលយោបាយ​នុយក្លេអ៊ែរ ឬគេ​ស្គាល់ថា Nuclear Posture Review (NPR) បូករួមទាំង​ការបង្កើនកញ្ចប់​ថវិកាយោធា​ របស់​រដ្ឋបាលប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ សហរដ្ឋអាមេរិក​មានផែនការ​ចាយលុយជាង ០១ទ្រីលានដុល្លារ (ពាន់ពាន់លាន) ដើម្បី​ធ្វើទំនើបកម្មអាវុធនុយក្លេអ៊ែរ​របស់ខ្លួន ក្នុងនោះរួមមាន​ទាំងគ្រាប់បែក​នុយក្លេអ៊ែរ និងគ្រាប់មីស៊ីល​បាញ់ចេញពី​ទីតាំងលើដីគោក ព្រមទាំង​ពីនាវា​មុជទឹកផងដែរ។

ដោយឡែកជុំវិញ​ផែនការនេះដែរ លោកឧត្ដមសេនីយ និងជាអនុប្រធាន​សេនាធិការ​សម្រាប់យុទ្ធសាស្ត្រ​នុយក្លេអ៊ែរអាមេរិក លោក ជែក វែនស្ទែន (Jack Weinstein) បានកោត​សរសើរ ចំពោះការរីកចំរើន​ក្នុងការអភិវឌ្ឍ និងការធើ្វតេស្ដ​សាកល្បងគ្រាប់បែក​បរមាណូអាមេរិក។ លោក Weinstein លើកឡើង​នៅក្នុងជំនួបមួយ​កាលពី​ថ្ងៃអង្គារ​ដូច្នេះ​ថា «យើងបាន​ធ្វើតេស្ដរួចរាល់​ហើយនូវការដឹកនាំ​វិស្វកម្មចំនួន ២៦ ការអភិវឌ្ឍ និងការធ្វើតេស្ដ​គ្រប់គ្រងការហោះហើរ​នៃគ្រាប់បែក​នុយក្លេអ៊ែរ B61-12 ខណៈកម្មវិធីនេះ​កំពុងដំណើរការទៅយ៉ាង​ល្អ​ឥតខ្ចោះ»។

គួរបញ្ជាក់ថា គ្រាប់បែក​កំណែ​ប្រែថ្មី B61 ត្រូវបាន​អភិវឌ្ឍន៍ឡើងវិញ​អស់រយៈពេល ០៧ឆ្នាំ ចុងក្រោយនេះ ហើយគ្រាប់បែក​ប្រភេទនេះ​មានកម្លាំងផ្ទុះពី ០.៣ រហូតដល់ ៥០គីឡូតោន។ គ្រាប់បែក​នុយក្លេអ៊ែរ ដែលអាមេរិក​ប្រើប្រាស់មុនគេ​ប្រឆាំងនឹងទីក្រុង​ហ៊ីរ៉ូស៊ីម៉ា មាន​កម្លាំងផ្ទុះ ១៥គីឡូតោន៕