(ញូដេលី)៖ គិតមកទល់​ពេលនេះមនុស្ស​យ៉ាងតិច ៧៩នាក់ហើយ បាន​បាត់បង់​ជីវិត ចាប់តាំងពីល្ងាច​ថ្ងៃពុធម្សិលមិញ នៅតាម​តំបន់​​ផ្សេងៗ​នៃ​រដ្ឋ រ៉ាចាស្ថាន (Rajasthan) និងរដ្ឋ យូតតារ ប្រាដែស (Uttar Pradesh) ភាគខាងជើងនៃ​ប្រទេសឥណ្ឌា ក្រោយពី​បានទទួលរង​ការវាយយ៉ាង​ដំណំ ពី​​ខ្យល់​​ព្យុះ​​​ដ៏​មាន​​​​ឥទ្ធិ​ពល​ខ្លាំង​ក្លា បានផ្តួលរំលំ​ដើមឈើ និងបង្គោលភ្លើងជាច្រើន​ដើម និងបង្កការខូចខាត​ដល់សំណង់អគារ​ ក៏ដូចជាប្រព័ន្ធ​ហេដ្ឋរចនា​សម្ព័ន្ធ​ដទៃ​​ទៀត។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពី​ សារព័ត៌មានឥណ្ឌា News 18 នៅរសៀល​ថ្ងៃព្រហស្បតិ៍ ទី០៣ ខែឧសភា ឆ្នាំ២០១៨។

ក្នុងចំណោម​ចំនួនមនុស្សស្លាប់​ខាងលើរួមមាន ៣២នាក់នៅរដ្ឋ Rajasthan និង៤៧នាក់​នៅរដ្ឋ Uttar Pradesh ហើយសម្រាប់ក្នុងរដ្ឋនេះ គឺមាន​អ្នក​បាត់បង់ជីវិត​ដល់ទៅ ៣៦នាក់ ក្នុង​ស្រុក Agra តែឯប៉ុណ្ណោះ។ ជុំវិញ​សោកនាដកម្ម​ដែលបង្កឡើងដោយ​គ្រោះធម្មជាតិនេះ នាយករដ្ឋមន្រ្តី​​ឥណ្ឌា លោក ណារិដ្រា ម៉ូឌី (Narendra Modi) ក៏បានបង្ហោះ​សារចូលរួម​មរណទុក្ខ​ ដល់ក្រុមគ្រួសារ​សាច់ញាតិ​នៃជនគ្រោះទាំងអស់​ផងដែរ ហើយ​លោក​បានបង្គាប់ឲ្យ​មន្រ្តី​ពាក់ព័ន្ធទាំងអស់​ បន្តឃ្លាំមើល​ស្ថានកាណ៍ និងរៀបចំប្រតិបត្តិការ​ជួយសង្រ្គោះ​​ឲ្យញាប់ដៃញាប់​ជើងឡើង។

គួរជម្រាបថា ក្រៅពីនេះមនុស្ស​ចំនួន ១៤៣នាក់ ផ្សេងទៀត​ក៏បានទទួលរងរបួស ដោយសារ​ខ្យល់ព្យុះ​ដ៏អាក្រក់នេះ​ផងដែរ៕