(ជប៉ុន)៖ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៨ ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន រួមសហការជាមួយគណៈកម្មាធិការរៀបចំពិព័រណ៍កម្ពុជា សមាគមនិស្សិតខ្មែរ និងមិត្តភ័ក្រជប៉ុន ដែលស្រលាញ់កម្ពុជា បានរៀបចំពិធីបើកពិព័រណ៌កម្ពុជា ឆ្នាំ២០១៨ នៅសួន Yoyogi នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

ពិធីបើកពិព័រណ៍នេះ មានការចូលរួមពីលោក Manabu Horii អនុរដ្ឋមន្រ្តីទំនាក់ទំនងសភា នៃក្រសួងការបរទេសជប៉ុន លោក Yukio Imagawa អតីតឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា លោក-លោកស្រី ឯកអគ្គរាជ/រដ្ឋទូត នៃបណ្តាប្រទេសសមាជិកអាស៊ាន ប្រជាពលរដ្ឋ សិស្ស និស្សិតខ្មែរ និងភ្ញៀវជប៉ុនផងដែរ។

ពិព័រណ៍កម្ពុជា ឆ្នាំ២០១៨នេះ ត្រូវបានរៀបចំឡើង នៅថ្ងៃទី០៣-០៤ ខែឧសភា ឆ្នាំ២០១៨ នៅសួន Yoyogi នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដោយមានការបង្ហាញរបាំបុរាណខ្មែរ សម្តែងដោយសិល្បការីនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា និងក្បាច់គុណល្បុកតោរបស់ខ្មែរ ហើយក៏មានរៀបចំស្តង់បង្ហាញពីម្ហូប វប្បធម៌ ទេសចរណ៍ ក្នុងគោលបំណងផ្សព្វផ្សាយ និងលើកកម្ពស់សិល្បៈ វប្បធម៌ វិស័យទេសចរណ៍ និងមុខមាត់កម្ពុជានៅប្រទេសជប៉ុនថែមទៀត។

លោកស្រី ជា គឹមថា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យឈានដល់កម្រិតថ្មីមួយទៀត សម្រាប់ផលប្រយោជន៍រួមនៃប្រទេសទាំងពីរ ដោយលោកស្រីបានសង្កត់ធ្ងន់ពីសារសំខាន់ នៃការរៀបចំកម្មវិធីពិព័រណ៍នេះថា ជាសកម្មភាពស្ថិតក្នុងចំណោមសកម្មភាពផ្សេងទៀត ដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងជាប្រពៃណី ដ៏យូរអង្វែង នៃកិច្ចសហប្រតិបត្តិការដ៏រឹងមាំនិងប្រកបដោយមិត្តភាព រវាងប្រទេសទាំងពីរ ស្របពេលដែលកម្ពុជា និងជប៉ុនកំពុងតែប្រារព្ធខួបលើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ ក៏ដូចជាខួបលើកទី ៥ នៃទំនាក់ទំនងយុទ្ធសាស្រ្តរវាងកម្ពុជានិងជប៉ុន នៅក្នុងឆ្នាំ២០១៨ នេះ។

ឯកអគ្គរាជទូតកម្ពុជា ក៏បានឆ្លៀតឱកាស តាងនាមឲ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ថ្លែងអំណរគុណដល់រដ្ឋាភិបាលនិងប្រជាជនជប៉ុន ដែលបានរួមចំណែកដល់ ដំណើរការស្វែងរកសន្តិភាពនៅប្រទេសកម្ពុជា ជួយគាំទ្រមិនឈប់ឈរដល់ដំណើរការកសាងនិងអភិវឌ្ឍប្រទេសឡើងវិញ និងកសាងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលធ្វើឲ្យប្រទេសនៅក្នុងអាស៊ីអាគ្នេយ៍មួយនេះទទួលបានផ្លែផ្កានិងមានការរីកចម្រើនដូចសព្វថ្ងៃ ក្រោមការដឹកនាំដ៏ខ្ពស់ខ្ពស់ប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

លោក Manabu Horii អនុរដ្ឋមន្រ្តីទំនាក់ទំនងសភា នៃក្រសួងការបរទេសជប៉ុន បានធ្វើការកត់សម្គាល់ថា ពិព័រណ៌កម្ពុជា ដែលបានរៀបចំឡើងជារៀងរាល់ឆ្នាំចាប់ពីឆ្នាំ២០១៥មក មានអ្នកចូលរួម កាន់តែច្រើនឡើងៗជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ហើយការណ៍នេះ គឺបណ្តាលមកពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រជាជនកម្ពុជា រស់នៅប្រទេសជប៉ុន ក៏ដូចជាបានបង្ហាញយ៉ាងច្បាស់ពីការកើនឡើងនូវចំណាប់អារម្មណ៍របស់ប្រជាជនជប៉ុនចំពោះកម្ពុជា។

លោក បានបន្ថែមថា បើទោះបីជាឆ្នាំ ២០១៨ នេះជាឆ្នាំរំព្ញកខួបលើកទី ៦៥ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ ប្រជាជនកម្ពុជា និងប្រជាជនជប៉ុន មានទំនាក់ទំនងរវាងគ្នានឹងគ្នាជាង ៤០០ ឆ្នាំមកហើយ ហើយ លោក ជឿជាក់ថា ការយល់ពីគ្នាយ៉ាងស៊ីជម្រៅរវាងប្រជាជននិងប្រជាជននេះ បាននឹងកំពុងក្លាយជាមូលដ្ឋាននៃទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។

លោក Manabu Horii ក៏បានគូសបញ្ជាក់ពីតួនាទីរបស់ក្រសួងការបរទេសជប៉ុនក្នុងការលើកកម្ពស់ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន រួមទាំងតាមរយៈការបង្កើតការិយាល័យកុងស៊ុលជប៉ុននៅខេត្តសៀមរាប កាលពីខែមករា ឆ្នាំ២០១៨ កន្លងទៅនេះ ហើយ លោក ក៏បានលើកឡើងពីដំណើរទស្សនកិច្ចរបស់ឥស្សរជនជាន់ខ្ពស់ជប៉ុនទៅប្រទេសកម្ពុជានៅក្នុងឆ្នាំ ២០១៨ នេះផងដែរ។

គួររំព្ញកផងដែរថា ចាប់តាំងពីដើមឆ្នាំ ២០១៨ នេះ ដែលជាឆ្នាំប្រារព្ធខួបលើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ក៏ដូចជាខួបលើកទី ៥ នៃទំនាក់ទំនងយុទ្ធសាស្រ្តរវាងកម្ពុជានិងជប៉ុន ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញទៅមកដូចជា៖

១៖ ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកម្ពុជានៅប្រទេសជប៉ុន៖ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងលោកបណ្ឌិត ហ៊ុន ម៉ាណែត។

២៖ ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជប៉ុននៅប្រទេសកម្ពុជា៖ លោក Taro Kono រដ្ឋមន្រ្តីការបរទេស លោក Kazuyuki Nakane អនុរដ្ឋមន្ត្រីការបរទេសជប៉ុន និងលោក Kentaro SONOURA ទីប្រឹក្សាពិសេសរបស់លោកនាយករដ្ឋមន្រ្តី Shinzo Abe៕