(វ៉ាស៊ីនតោន)៖ អតីតអភិ​បាល​ក្រុងញូយ៉ក លោក រូឌី ហ្គូលៀនី (Rudy Giuliani) ដែល​ទើបតែបាន​ចូលរួមក្នុងក្រុម​មេធាវីរបស់​​ប្រធានាធិបតីអាមេរិក​ លោក ដូណាល់ ត្រាំ កាលពីខែមុន​បានឲ្យ​ដឹងថា លោក ត្រាំ បានទូទាត់​លុយប្រមាណ ១៣០,០០០ដុល្លារសង​លោក ម៉ៃខឺល ខូហេន (Michael Cohen) ដោយវាគឺ​ជា​​ចំនួនទឹកប្រាក់​ដែលមេធាវីរូប​នេះ បានចេញពី​ហោប៉ៅខ្លួនឯង ដើម្បីទិញយក​ភាពស្ងាត់ស្ងៀម​របស់អតីត​តារាសម្តែង​​ក្នុងភាពយន្តអាសអា​ភាស​ម្នាក់​ឈ្មោះ ស្តរមី ដានីញែល (Stormy Daniels) ជុំវិញរឿង​អាស្រូវ​ផ្លូវភេទ​​របស់​ស្រ្តីរូបនេះ ជាមួយនិង​លោកប្រធានាធិបតី។ នេះ​បើ​​តាម​ការ​ដក​ស្រង់​​ការ​ផ្សាយ​​ចេញ​​ពី​សារ​ព័ត៌​មាន Channel News Asia នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៣ ខែឧសភា ឆ្នាំ២០១៨។

ជុំវិញរឿងអាស្រូវ​ដ៏កក្រើកខាង​លើ លោក ដូណាល់ ត្រាំ ផ្ទាល់បាន​បញ្ជាក់ថា រូបលោកមិនបាន​ដឹងលឺអំពីការយកលុយ​ទៅសូក​លោក​ស្រី Daniels ដែលអះអាង​ថា ធ្លាប់មានសម្ព័ន្ធភាព​ស្នេហាមួយរាត្រី​ជាមួយ​លោក ​កាលពីឆ្នាំ២០០៦ឡើយ។ មេធាវីរបស់​លោក ដូណាល់ ត្រាំ គឺ​លោក Michael Cohen បានឲ្យលុយ​ចំនួន ១៣ម៉ឺនដុល្លារខាងលើ ទៅកាន់​លោកស្រី Daniels ដែលមាន​ឈ្មោះ​ពិតថា ស្ទេហ្វានី គ្លីហ្វហ្វដ (Stephanie Clifford) ដើម្បីបំបិទមាត់​អំពីរឿងអាស្រូវ​ផ្លូវភេទ​នេះ នៅពេលការ​បោះឆ្នោតជ្រើសរើស​ប្រធានាធិបតី​អាមេរិក​ឆ្នាំ២០១៦ បាន​មកដល់។

ថ្លែងក្នុងបទ​សម្ភាសន៍មួយជា​មួយសារព័ត៌មាន​អាមេរិក Fox News លោក Giuliani ដែលជាអតីតរដ្ឋ​អាជ្ញា​សហព័ន្ធ និងជាមិត្តដ៏ជិតស្និទ្ធិ​ម្នាក់​របស់​លោក ដូណាល់ ត្រាំ បានលើក​ឡើងថា លោក​ប្រធានាធិបតីបានដឹងអំពី​រឿងចំណាយ​លុយ ១៣០,០០០ដុល្លារនេះ ហើយ​ក៏បាន​​ទូទាត់​សង​លោក Cohen វិញដែរ ប៉ុន្តែលោក ត្រាំ ពុំបានដឹង​ច្បាស់ពីចេតនា​ជាក់លាក់​ នៃការចំណាយ​លុយនេះ​ឡើយ ហើយ​ទង្វើនេះក៏ពុំ​បានល្មើស​ច្បាប់នោះ​ដែរ ដោយសារតែវា​ពុំមានជាប់ទាក់ទិន​នឹងមូលនិធិ​ នៃយុទ្ធនាការបោះឆ្នោត​​របស់លោក ត្រាំ នោះទេ។

គួររំលឹកថា កាលពីមួយ​ខែមុន នៅពេលត្រូវបាន​អ្នកសារព័ត៌មាន​សួរថា តើលោក​បានដឹង​​អំពីរឿងសូកលុយ​លោកស្រី Daniels ដែរឬយ៉ាង​​ណានោះ? លោក ត្រាំ បានឆ្លើយថា «អត់បានដឹងទេ» ហើយនៅពេលគេ​សួរថា ហេតុអ្វីបានជាលោក Cohen ធ្វើការ​ទូទាត់​លុយ​ច្រើនបែបនេះ? លោក ត្រាំ ក៏បានប្រកែកថា​ «មិនដឹងនោះឡើយ»។ លោក Cohen បានអះ​អាងថា លោកប្រើលុយ​ក្នុងហៅប៉ៅរបស់ខ្លួន​ទៅឲ្យ​លោកស្រី Daniels ហើយពុំបាន​ទទួលសំណង​ពីលោក ត្រាំ វិញ​ឡើយ។ ចំណែក​សេតវិមាន បានចេញមុខ​បញ្ជាក់ថា លោក ត្រាំ ពុំធ្លាប់មាន​សម្ព័ន្ធ​ផ្លូវ​ភេទ​ជាមួយ លោកស្រី Daniels នោះដែរ។

លោកស្រី Daniels បានដាក់ពាក្យ​ប្តឹងលោក ត្រាំ និងលោក Cohen ដើម្បីដោះខ្លួនចេញពី​កិច្ចព្រមព្រៀង​​អំពី​ការរក្សាភាព​ស្ងៀមស្ងាត់​នេះ ដោយ​សម្អាងថា​វាគ្មាន​ប្រសិទ្ធភាព ដោយសារ​តែលោក ត្រាំ ពុំដែលបាន​ចុះហត្ថលេខា​ឡើយ ហើយតារា​អាសអាភាស​រូបនេះ ក៏បាន​ប្តឹង​​លោក ដូណាល់ ត្រាំ​ ពីបទ​បរិហារកេរ្តិ៍​ផងដែរ៕