(ឡុងដ៍)៖ ក្រុមហ៊ុន Cambridge Analytica ជាទីភ្នាក់ងារ​ពិគ្រោះយោបល់​ផ្នែកនយោបាយ និងជាដើមចម​នៃរឿងអាស្រូវ​លេចធ្លាយ ព័ត៌មានឯកជន​របស់អ្នក​ប្រើប្រាស់ Facebook រាប់លាននាក់ ត្រូវបានគេរាយការណ៍​ថា កំពុងរៀបចំបិទទា្វរអាជីវកម្មរបស់ខ្លួន​ហើយ។ នេះ បើតាមការចេញ​ផ្សាយ​ដោយ​សារព័ត៌មាន BBC នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែឧសភា ឆ្នាំ២០១៨។

ក្រុមហ៊ុនមាន​មូលដ្ឋាននៅក្នុង​ចក្រភព​អង់គ្លេសនេះ ត្រូវបាន​គេចោទ​ប្រកាន់ថា ទទួលបានព័ត៌មាន​ឯកជនអ្នក​ប្រើប្រាស់ Facebook មិនត្រឹមត្រូវ រីឯ Facebook វិញក៏ត្រូវបាន​គេចោទ​ផងដែរថា បណ្ដោយ​ឱ្យ​ក្រុមហ៊ុន Cambridge Analytica ប្រើប្រាស់​ព័ត៌មាន​ឯកជនអ្នកប្រើប្រាស់​តាមទំនើងចិត្ត។ យោង​តាម Facebook ទិន្នន័យឯកជន​របស់អ្នក​ប្រើប្រាស់​ជាង ៨៧លាននាក់ បាន​បែកធ្លាយ ទៅដល់ដៃក្រុមហ៊ុន​ប្រឹក្សានយោបាយ​មួយនេះ យកទៅប្រើប្រាស់​ដើម្បីស្ទាបស្ទង់​ទឹកចិត្តប្រជាជន​អាមេរិក នៅអំឡុងការ​បោះឆ្នោត ប្រធានាធិបតី​អាមេរិក កាលពី​ឆ្នាំ២០១៦។

តែទោះជា​យ៉ាង​នេះក្ដី Facebook បាន​អះអាងថា ការស៊ើបអង្កេត​របស់ខ្លួននឹង​នៅតែបន្តធ្វើ​ឡើង​ដដែល។ «គ្មានអ្វីប្រែប្រួល​ឡើយ ចំពោះការប្ដេជ្ញា​ចិត្តរបស់​ពួកយើង ក្នុងការកំណត់​ពីភាពពិតជាក់ស្ដែង​ដែលបាន​កើតឡើង និងធ្វើឱ្យប្រាកដថា រឿងបែបនោះ​នឹងមិន កើតឡើង​សាជាថ្មី... ដូច្នេះយើងនឹង​បន្តការស៊ើបអង្កេត​របស់យើង​ក្រោមកិច្ច​សហប្រតិបត្តិការ​ ជាមួយអាជ្ញាធរ​មាន​សមត្ថកិច្ច»។ នេះបើតាម​អ្នកនាំពាក្យ​ក្រុមហ៊ុន Facebook។

គួរបញ្ជាក់ថា ក្រុមហ៊ុន Cambridge Analytica ត្រូវបានគេចោទ​ប្រកាន់ថា បានប្រើប្រាស់ទិន្នន័យ​ឯកជន​អ្នកលេង Facebook រាប់ លាននាក់​ក្នុងចេតនា​នយោបាយ ដើម្បីស្ទាបស្ទង់​ពីទឹកចិត្តប្រជាជន​អាមេរិក ក្នុងការបោះឆ្នោត​កាលពី​ឆ្នាំ២០១៦ និងការ​បោះឆ្នោត​ប្រជាមតិ​ស្ដីពី Brexit ផង​ដែរ៕