​(វ៉ាស៊ីនតោន)៖​ អាជ្ញាធរអាមេរិក​បានឱ្យដឹងថា គ្មានមនុស្ស​ណាម្នាក់នៅ​រស់រាន​មានជីវិត​នោះទេ ក្នុងគ្រោះថ្នាក់ធ្លាក់​យន្ដហោះ​យោធា​ចំណាស់​មួយគ្រឿង នៅថ្ងៃពុធ​សប្ដាហ៍នេះ (ម៉ោងនៅ​សហរដ្ឋអាមេរិក) នៅជិតព្រលានយន្តហោះមួយ​កន្លែង​ក្នុងទីក្រុង សាវ៉ាន់ណាហ៍ (Savannah) នៃរដ្ឋហ្សកហ្ស៊ី។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Channel News Asia​ នៅ​ព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែឧសភា ឆ្នាំ២០១៨។

យោងតាមអ្នកនាំពាក្យឆ្មាំជាតិនៃដែនដីអាមេរិក ភឺតូរីកូ (Puerto Rico) លោក Paul ដាឡែន (Dahlen) យន្ដហោះយោធា​ដឹកជញ្ជូនធុន C-130 ជាកម្ម សិទ្ធិរបស់ឆ្មាំ​អាកាសជាតិ​នៃដែនដី Puerto Rico និងមានផ្ទុក​យោធាអាមេរិក​ទាំងអស់ ០៩នាក់ បានធ្លាក់នៅ​ម៉ោង​ប្រមាណជា ១១៖៣០នាទីព្រឹក​​ថ្ងៃពុធ (ម៉ោងនៅក្នុងតំបន់) នៅជិតព្រលាន​យន្តហោះមួយ​កន្លែង​នាទីក្រុង Savannah រដ្ឋហ្សកហ្ស៊ី។

លើសពី​នេះទៅទៀត អ្នកនាំពាក្យរូបនេះ​ក៏បានបញ្ជាក់​ដែរថា គ្រោះថ្នាក់នេះ​ផ្ដាច់ជីវិតនៅ​លើនោះទាំង​អស់០៩នាក់។ ប៉ុន្តែ​មូលហេតុ​នៃគ្រោះថ្នាក់នេះ មិនទាន់​ត្រូវបានគេ​បញ្ជាក់​ឡើយទេ ខណៈការ​ស៊ើបអង្កេត​កំពុងធ្វើ​ឡើង។

គួរបញ្ជាក់ថា បើតាម​លោក Paul Dahlen យន្ដហោះយោធា​ដឹកជញ្ជូនចំណាស់​ខាងលើ បានធ្លាក់នៅអំឡុង​ពេលហោះហើរ​ជាលើក​ចុងក្រោយ​របស់ខ្លួន មុននឹងត្រូវ​ដាក់ឱ្យចូល​និវត្តន៍៕