(តេហេរ៉ង់)៖ គ្រោះរញ្ជួយដី​កម្រិត ៥.២រ៉ិចទ័រ បានវាយប្រហារ​ទីក្រុង ស៊ីសាក់ (Sisakht) ក្នុងខេត្ត កូជីលូយេ (Kohgiluye-Boyerahmad) ភាគខាងលិច​​ប្រទេសអ៊ីរ៉ង់​​​នា​ថ្ងៃពុធនេះ ដែលវាបាន​បណ្តាលឲ្យមនុស្ស​យ៉ាងតិច​ចំនួន ៣១នាក់ បាន​រងរបួស។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញ​ពី​​ ទីភ្នាក់​ងារ​ព័ត៌​​មាន​ចិន ស៊ីនហួរ នៅរសៀល​ថ្ងៃពុធ ទី០២ ខែឧសភា ឆ្នាំ២០១៨។

​បើតាមការឲ្យ​ដឹងពីមជ្ឈមណ្ឌល​ឃ្លាំមើលគ្រោះ​រញ្ជួយដី​អ៊ីរ៉ង់ គ្រោះរញ្ជួយផែនដី​ខាងលើ ដែលមាន​ជម្រៅ ០៨គីឡូម៉ែត្រ​​ក្រោមផ្ទៃដី​​​​បាន​វាយ​ប្រហារ​​ចំ​ក្រុង Sisakht ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រហែលជា ៧០០គីឡូម៉ែត្រ​ពីរដ្ឋធានី​តេហេរ៉ង់ និង​មាន​ចំនួន​​ប្រជាជន​​រស់​នៅ​ប្រហែល ​១០,០០០​នាក់​​។ ភ្លាមៗ​ក្រោយកើតមាន​ហេតុការណ៍នេះ ​ប្រជាពលរដ្ឋ​នៅទីក្រុង Sisakht បាន​នាំគ្នារត់ចេញ​​មកទីវាល​ខាងក្រៅ​ទាំង​ភ័យ​​ស្លន់ស្លោ។ ​​ក្រៅពី​មនុស្ស​រងរបួស ការបំផ្លិចបំផ្លាញ​ធ្ងន់ធ្ងរ ក៏ត្រូវបាន​គេ​រាយការណ៍​ថា បានកើតមាន​នៅក្នុងទីក្រុង​ផងដែរ។

គួររំលឹកថា កាលពី​ខែវិច្ឆិកា ឆ្នាំ២០១៧ គ្រោះរញ្ជួយដី​មួយកម្រិត ៧.៣រ៉ិចទ័រ ​បានវាយប្រហារ​ចំភូមិ និង​ក្រុង​នៅក្នុងខេត្ត គឺម៉ាន់ហ្សាហ៍ (Kermanshah) ភាគ​ខាងលិច​ប្រទេស​អ៊ីរ៉ង់ ទៅបណ្តោយ​ព្រំដែន​នៃតំបន់ខ្ពង់រាប​ជាមួយប្រទេស​អ៊ីរ៉ាក់ ដោយកាល​នោះគ្រោះ​ធម្មជាតិនេះ បានផ្តាច់យក​ជីវិត​មនុស្ស​យ៉ាង​តិច ៦២០នាក់ និងបានបណ្តាល​ឲ្យរបួសរាប់​ពាន់នាក់​ផ្សេងទៀត៕