(ប៉ារីស)៖ នៅ​សម័យ​អ៊ីរ៉ង់​ស្ថិតក្រោមការគ្រប់គ្រង​របស់ស្ដេច ហ្សាហ៍ (Shah) ទំនាក់ទំនង​រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ មានភាព​ស្និទ្ធស្នាល នឹងគ្នាលើស​ពេលណាៗទាំងអស់ ដោយប្រជាជន​ជ្វីបអាចរស់​នៅយ៉ាង​សុខសាន្ត ជាពិសេស​នៅក្នុងទីក្រុង​តេហេរ៉ង់​ផ្ទាល់​តែម្តង។ ប៉ុន្តែអ្វីៗ​បានប្រែប្រួល​ក្រោយរបប​រាជានិយម Shah គំាទ្រដោយ​សហរដ្ឋអាមេរិក​ដួលរលំ​ ដោយសារ​បដិវត្តន៍អ៊ីរ៉ង់​នៅឆ្នាំ១៩៧៩ ធ្វើឱ្យប្រទេស​ទាំងពីរ​មើលឃើញគ្នា​ថា ជាសត្រូវដែលមិន​អាចផ្សះផ្សារហូតមក​ទល់​នឹងបច្ចុប្បន្ន។ តើហេតុអ្វី​បានជាអ៊ីរ៉ង់ និងអ៊ីស្រាអែល ប្រែពីមិត្តមក​ជាសត្រូវសួពូជ?

បើតាមអ្នក​ជំនាញ​នយោបាយ ដូចជា​លោក Ilan Greilsammer ជាសាស្ត្រាចារ្យ​ផ្នែកវិទ្យាសាស្ត្រ​នយោបាយ​ មកពីសាកល​វិទ្យាល័យ Bar-Ilan ក្នុងទីក្រុង​តែអាវីល ប្រទេសអ៊ីរ៉ង់ដែលប្រតិបត្តិសាសនាអ៊ីស្លាមនិកាយស៊ីអ៊ីត និងប្រទេសអ៊ីស្រាអែល នោះ​មានសត្រូវរួមគ្នា គឺប្រទេសអារ៉ាប់កាន់សាសនាអ៊ីស្លាម​​និកាយ​ស៊ុននី។ ចុះតើហេតុអ្វី បានប្រទេស​ទាំងពីរស្អប់គ្នា​ទៅវិញទៅមក? សម្រាប់អ្នក​ជំនាញរូបនេះ ប្រទេសទាំងពីរ​ធ្លាប់មានទំនាក់ទំនង​ល្អនឹងគ្នា នៅមុនបដិវត្តន៍​អ៊ីរ៉ង់នៅឆ្នាំ១៩៧៩ ហើយភាពតានតឹង​បានផ្ទុះឡើង​ បន្ទាប់ពី​សាធារណរដ្ឋអ៊ីរ៉ង់កាន់និកាយស៊ីអ៊ីត ត្រូវបានបង្កើត​ឡើងដោយមេដឹកនាំ​កំពូលអ៊ីរ៉ង់ អាយ៉ាតល់ឡោះ អាលីខាមីនី (Ayatollah Khomeini) កាលពីឆ្នាំ១៩៧៩។

អ៊ីរ៉ង់ក្រោមការ​ដឹកនាំរបស់ អាយ៉ាតល់ឡោះ អាលីខាមីនី ត្រូវបាន​សហរដ្ឋអាមេរិក និង​អ៊ីស្រាអែល​ចាត់ទុកថា ជាសត្រូវរបស់មនុស្សជាតិ និងជា​សភាវៈអាក្រក់។ លោក Greilsammer បានលើក​ឡើងហេតុផល​សំខាន់ចំនួនបីដែលលោក​យល់ថា ជាមូលហេតុធ្វើឱ្យ អ៊ីរ៉ង់ និងអ៊ីស្រាអែល ចាប់ផ្ដើមស្អប់គ្នា​ទៅវិញ​ទៅមក។ មូលហេតុ​ទំាងនោះ​មានដូចជា៖ ទីមួយ មេដឹកនាំកំពូល​អ៊ីរ៉ង់គំាទ្រ​យ៉ាងពេញ​ទំហឹង ដល់បុព្វហេតុ​របស់​ប៉ាឡេស្ទីន ឬអាចនិយាយ​បានថា អ៊ីរ៉ងចង់ដើរតួ​ជំនួសអារ៉ាប់​ក្នុងការការពារ​ប៉ាឡេស្ទីន។ ទីពីរ អ៊ីរ៉ង់តែងតែ​ព្រមានជា​រឿយៗថា នឹងលុបអ៊ីស្រាអែល​ចេញពីផែនទី​ពិភពលោក និងទីបីគឺការផ្ដួចផ្ដើម​គំនិត​ស្អប់ជនជាតិ​ជ្វីប ដោយទីក្រុង​តេហេរ៉ង់​ធ្លាប់បាន​រៀបចំសន្និសីទមួយ​ ដែលមាន​កម្មវត្ថុ​ចម្បង បង្ហាញប្រាប់​ពិភពលោកថា ការសម្លាប់​រង្គាល​ជនជាតិជ្វីប ឬគេស្គាល់​ថា Holocauste មិនបាន​កើតឡើង​ឡើយ ហើយថា​វាគ្រាន់តែរឿងប្រឌិត​របស់អ៊ីស្រាអែល​តែ​ប៉ុណ្ណោះ។

តែទោះជា​យ៉ាងនេះក្ដី ភាពជាសត្រូវនឹងគ្នា​រវាងប្រទេសទាំងពីរ​ កាន់តែផ្ទុះ​ខ្លាំងឡើង ក្រោយ​អ៊ីស្រាអែល បានដឹកនាំការ​ធ្វើសង្រ្គាមលើ​ប្រទេស​លីបង់ ​ដើម្បីប្រឆាំង​នឹងក្រុមឧទ្ទាម​ហេសប៊ូលឡា ដែលជាសម្ព័ន្ធមិត្ត​របស់អ៊ីរ៉ង់ កាលពី​ឆ្នាំ២០០៦។ ដោយឡែក​ក្នុងពេលបច្ចុប្បន្ន ប្រទេសទាំងពីរ​ក៏កំពុងមាន​ជម្លោះផលប្រយោជន៍​នឹងគ្នា​ កាន់តែខ្លាំង​ផងដែរ នៅក្នុង​សង្រ្គាមស៊ីរី។ ជាក់ស្ដែង​នៅឆ្នាំ២០១៨ នេះ អ៊ីស្រាអែល​ត្រូវបានគេ​រាយការណ៍ជា​បន្តបន្ទាប់ថា បានដឹកនាំ​ការវាយប្រហារ​ផ្លូវអាកាស​ លើមូលដ្ឋានទ័ព​របស់អ៊ីរ៉ង់ និងក្រុមអ្នក ប្រយុទ្ធ​ហេសប៊ូលឡា​នៅស៊ីរី។

លើសពីនេះ​ទៅទៀត បើតាម​សារព័ត៌មាន NBC ផ្អែកលើប្រភព​ពីក្រុមមន្ត្រីអាមេរិក បានឱ្យដឹងថា អ៊ីសា្រអែល​កំពុងស្វែងរក​ការគំាទ្រ​ពី​សហរដ្ឋអាមេរិក ដើម្បីធ្វើ​សង្រ្គាមប្រឆាំង​នឹងអ៊ីរ៉ង់ នៅក្នុង​ប្រទេសស៊ីរី។ ប៉ុន្តែ​សហរដ្ឋអាមេរិក ត្រូវបានគេ​មើលឃើញថា ទំនងជានឹង​មិនយល់ព្រម​ឡើយ ដ្បិតបើសង្រ្គាមនេះ​ផ្ទុះឡើង រុស្ស៊ីមុខជា​នឹងចូល​ជួយអ៊ីរ៉ង់ និងស៊ីរី ដែលជាហេតុអាច​នឹងនាំឱ្យទីក្រុង​វ៉ាស៊ីនតោន និងទីក្រុង​ម៉ូស្គូ ត្រូវប្រឈមមុខដាក់គ្នា​ដោយ​ផ្ទាល់ ហើយសង្គ្រាមដ៏នឹងរឹតតែក្តៅគគុកថែមទៀត៕

ប្រភព៖ La Liberte​