(ឡូនអាន់ជែឡេស)៖ រដ្ឋអារីហ្សូណា (Arizona) សហរដ្ឋអាមេរិក បានប្រកាស​ដាក់ខ្លួនឯង​ចូលទៅក្នុងគ្រា​អាសន្នហើយ បន្ទាប់ពីភ្លើងឆេះព្រៃ​ក្នុងរដ្ឋនេះ កាន់តែរីករាលដាល​ខ្លាំង​ឡើង និងបានលេបត្របាក់​ព្រៃឈើប្រមាណ ៤៦គីឡូម៉ែត្រក្រឡា បាត់ទៅ​ហើយ។ នេះបើ​តាម​ការចេញ​ផ្សាយដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នារសៀល​ថ្ងៃពុធ ទី០២ ខែឧសភា ឆ្នាំ២០១៨។

ភ្លើងឆេះព្រៃ​ខាងលើនេះត្រូវបាន​គេឲ្យឈ្មោះថា «ថាញដឺ​ហ្វៃអឺ ឬ Tinder Fire» ដែលចាប់ផ្តើម​តាំងតែពី​ទំនប់ទឹក Blue Ridge ដែលមាន​ចម្ងាយ ៨៥០គីឡូម៉ែត្រ ពីភាគខាង​កើតនៃ​ទីក្រុង​ឡូសអាន់ជែឡេស ហើយបន្តកាន់តែ​ខ្លាំងឡើងៗ គិតត្រឹម​ល្ងាច​ថ្ងៃអង្គារ​សប្តាហ៍នេះ (ម៉ោងនៅ​ភាគខាង​លិច​អាមេរិក)។

គួរបញ្ជាក់ថា ខ្យល់បោកបក់​ក្នុងល្បឿន ៦៨គីឡូម៉ែត្រក្នុង​មួយម៉ោង គឺជាអ្នក​ជម្រុញឲ្យ​ភ្លើងឆេះព្រៃកាន់តែ​បង្កើនឥទ្ធិពល និងរីករាលដាល​ខ្លាំងឡើងៗ ហើយផ្ទះប្រជាជ​ន​ប្រមាណ​ជាង ៣០ខ្នង​ផងដែរ​ត្រូវបាន Tinder Fire ដុតកម្ទេច​តែម្តង។ ក្រុមពន្លត់​អគ្គីភ័យ​ប្រមាណ ៥៥៩នាក់ ត្រូវបានបញ្ជូន​ទៅទប់ទល់​ភ្លើងព្រៃ ខណៈឧទ្ធម្ភាគចក្រ​ដឹកទឹក​ធុនធំ និងរថយន្តពន្លត់​អគ្គីភ័យជាច្រើន​គ្រឿង ត្រូវបានបញ្ជា​ឲ្យចេញប្រតិបត្តិការ​ពន្លត់ភ្លើង​ព្រៃ​នេះយ៉ាងសស្រាក់សស្រាំ។

បើតាម​ការបញ្ជាក់ពី​មន្ត្រីពន្លត់អគ្គីភ័យ​ ប្រចាំតំបន់​ភាគខាងជើង​រដ្ឋអារីហ្សូណា ដែលស្ថិត​នៅភាគនិរតី​សហរដ្ឋអាមេរិក​នោះ អគ្គីភ័យទំនង​ជាមិន​ងាយនឹងរលត់នោះ​ឡើយ ព្រោះតែ​ពេលនេះ​ អាកាសធាតុក្តៅ​ស្ងួត​កំពុងតែ​គ្របដណ្តប់ភាគ​ខាងត្បូង​សហរដ្ឋអាមេរិក ដូច្នេះទើប​មានការប្រកាស​អាសន្ន​កើត​ឡើង ដើម្បីឲ្យប្រជាជន​មានការប្រុងប្រយ័ត្ន​ខ្ពស់ និងជម្លៀសខ្លួន​ទៅរកកន្លែង​មាន​សុវត្ថិភាព៕