(ឡុងដ៍)៖ បុរសម្នាក់បាន​បាត់បង់ជីវិត និងម្នាក់ទៀតទទួលរងរបួសធ្ងន់ នៅក្នុង​​ហេតុការណ៍​បាញ់ប្រហារគ្នាមួយ នៅភាគពាយ័ព្យ​​​ទីក្រុងឡុងដ៍ នៃចក្រភព​អង់គ្លេស នាយប់ថ្ងៃអង្គារ​សប្តាហ៍នេះ (ពេលវេលា​នៅទីក្រុង​ឡុងដ៍)។ នេះបើតាមការ​ដកស្រង់ការផ្សាយ​ចេញពី​​ ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀល​ថ្ងៃពុធ ទី០២ ខែឧសភា ឆ្នាំ២០១៨។

បើតាមអាជ្ញាធរ​ទីក្រុងឡុងដ៍បុរស​ទាំងពីរនាក់​ខាងលើ គឺត្រូវបានគេ​បាញ់ប្រហារ។ ប៉ូលិស​អង់គ្លេស បានបើកការ​ស៊ើបអង្កេត​​ករណី​ឃាត​កម្ម ក្រោយពីបុរស​ម្នាក់មាន​អាយុជាង ៣០ប្លាយ ត្រូវបានគេរកឃើញក្នុងស្ថានភាព​របួស​ធ្ងន់ធ្ងរ នៅស្ថានីយ​រថភ្លើង​ក្រោមដី Queensbury Tube ជិត​សង្កាត់ Edgware នៃទីក្រុង​ឡុងដ៍ ហើយបុរសរូបនោះ​ក៏បានបាត់បង់​ជីវិត​នៅហ្នឹង​កន្លែង។ ក្នុងអំឡុងពេល​ប្រហាក់ប្រហែល​គ្នា បុរសម្នាក់​ទៀតមាន​វ័យខ្ទង់ ២០ឆ្នាំ បានទៅ​ដល់មន្ទីរពេទ្យ​មួយកន្លែងនៅ​ភាគខាងជើង​ទីក្រុងឡុងដ៍ ដោយមាន​របួសពីគ្រាប់​កាំភ្លើង។

ជុំវិញ​ហេតុការណ៍​នេះ អាជ្ញាធរកំពុងស្ថិត​នៅកន្លែង​កើតហេតុ ហើយធ្វើការ​ត្រួតពិនិត្យទៅ​លើឃ្លីបវីដេអូ​​ របស់កាមេរ៉ា​សុវត្ថិភាព​នៅក្នុ​ង​តំបន់​នោះ។ ដោយឡែក ការស្លាប់របស់បុរសវ័យខ្ទង់ ៣០ឆ្នាំខាងលើ បានធ្វើឲ្យចំនួនមនុស្ស​ដែលបាន​បាត់បង់ជីវិត ដោយសារអំពើហិង្សា​​មនុស្ស​ឃាតនៅ​ក្នុងទីក្រុងឡុងដ៍​កើនដល់ ៥៩នាក់ហើយ គិតចាប់តាំង​ពីដើមឆ្នាំ២០១៨ នេះមក៕