(ប៉ារីស)៖ បាតុករសរុប​ប្រមាណជាង ២០០នាក់ ត្រូវបានប៉ូលិស​បារាំងចាប់ខ្លួន ដោយសារតែពួកគេ​បានបង្កបាតុភាព​ជាខ្លាំង​ដូចជាការ​ ដុតរថយន្ត យកដុំថ្មគប់បំបែក​កញ្ចក់អគារសាធារណៈ គប់គ្រាប់បែកផ្សែង និងគប់ដុំថ្មដាក់ប៉ូលិសជាដើម នៅក្នុងការបាតុកម្មកាលពីយប់ថ្ងៃទី០១ ខែឧសភា ដែលត្រូវជាទិវាពលកម្មអន្តរជាតិនោះ។ នេះបើតាម​ការ​ចេញផ្សាយ​ដោយសារព័ត៌មាន Independent របស់​អង់គ្លេស នារសៀល​ថ្ងៃពុធ ទី០២ ខែឧសភា ឆ្នាំ២០១៨។

ប៉ូលិសបារាំង​ក្នុងទីក្រុងប៉ារីស បានបង្ខំចិត្តប្រើប្រាស់​កាណុងបាញ់ទឹក និងឧស្ម័នបង្ហូរ​ទឹកភ្នែក ដើម្បីបំបែក​ហ្វូងបាតុករ​ទំនើងជាច្រើននាក់ ដែលបាន​គ្រវែងគ្រាប់បែក​ផ្សែង​ និងដុតបំផ្លាញ​រថយន្ដអស់​ជាច្រើន​គ្រឿង នៅក្នុងពេល​ពួកគេនាំគ្នាធ្វើ​បាតុកម្មតវ៉ា ប្រឆាំងនឹង​កម្មវិធីកំណែទម្រង់​របស់ប្រធានាធិបតី​បារាំង លោក អែមម៉ានុយអែល ម៉ាក្រុង (Macron)។

យោងតាម​ប៉ូលិស​បារាំង ក្រុមបាតុករពាក់ម៉ាស់​បិទ​មុខជិត មានគ្នា​ជាង ១,២០០នាក់ បានប្រមូលផ្ដុំគ្នា​ធ្វើ​បាតុកម្មតវ៉ា​កាលពី​ថ្ងៃចន្ទ (ម៉ោងនៅបារំាង) ចំថ្ងៃទិវា​ពលកម្មអន្តរជាតិ​ ថ្ងៃទី០១ ខែឧសភា នៅឯស្ពាន ផុងដេអូស្ទែលីត​ (Pont d’Austerlitz) ស្ថិតនៅ​កណ្ដាលទីក្រុង​ប៉ារីស។ មុនការ​ប៉ះទង្គិច ប៉ូលិសប្រាប់ឱ្យ​ក្រុមបាតុករទាំង​អស់បំបែកហ្វូងរបស់ពួកភ្លាម ប៉ុន្តែពួកគេ​មិនខ្វល់​ឡើយ ហើយថែម​ទាំងបានគ្រវែង​គ្រាប់បែកផ្សែង និងដុតបំផ្លាញ​រថយន្ដជាច្រើន​គ្រឿង ជាហេតុបង្ខំ​ឱ្យអាជ្ញាធរប្រើប្រាស់​កាណុង​បាញ់ទឹក និងឧស្ម័នបង្ហូរ​ទឹកភ្នែកដើម្បី​បំបែកហ្វូង បាតុករ​ទំនើង​ទាំងនេះ ព្រមទាំងឃាត់​ខ្លួនបាត់ករទាំងនោះ។

គួរបញ្ជាក់ថា ក្រុមសហជីព និងក្រុមនិស្សិត បានសម្ដែង​ការមិនពេញចិត្តជា​ខ្លាំង ចំពោះកំណែ​ទម្រង់លើវិស័យការងារ និងអប់រំរបស់​លោក ម៉ាក្រុង។ លើសពីនេះ​ទៅទៀត ចាប់តាំងពីពាក់​កណ្ដាល​ខែមេសាមក ក្រុមកម្មករ​ផ្លូវដែក បាននាំគ្នាតវ៉ា​ប្រកបទៅដោយអារម្មណ៍ខឹងសម្បារជាខ្លាំង ​ទៅនឹងគំរោង កាត់បន្ថយ​ការងារ​ជាង ១២០,០០០កន្លែង៕