(វ៉ាស៊ីនតោន)៖ កន្លែងដែល​ត្រូវជ្រើសរើស​ ដើម្បីរៀបចំជំនួបជាប្រវត្តិសាស្ត្រ រវាងមេដឹកនាំ​អាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន នោះមិនទាន់​ត្រូវបានជ្រើសរើស​យក ១ ជាផ្លូវការនៅ​ឡើយទេ ខណៈជម្រើស​មានពីរ គឺនៅអគារ Peace House នៃតំបន់​​ព្រំដែនរួម (DMZ) ដែល​លោក គីម និង​លោក មូន ជែអ៊ីន ធ្លាប់ជួបគ្នា និងមួយទៀត​នៅប្រទេស​សិង្ហបុរី។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ីនហួរ នាព្រឹក​ថ្ងៃពុធ ទី០២ ខែឧសភា ឆ្នាំ២០១៨។

ចំពោះមុខអ្នក​សារព័ត៌មាន​នានា នៅក្នុងសេតវិមាន​ទីក្រុង​វ៉ាស៊ីនតោន លោក ដូណាល់ ត្រាំ បាន​បញ្ជាក់ថា «ខ្ញុំគិតថា វាអាចនឹងត្រូវ​ប្រកាសចេញនា​រយៈពេល​ប៉ុន្មានថ្ងៃ (ពីរទៅបីថ្ងៃ) ខាងមុខ​នេះ។ ខ្ញុំចង់ធ្វើ​វាឲ្យបាន...។» ការលើក​ឡើងនេះ គឺលោក ត្រាំ ចង់សំដៅ​​ទៅលើ​ជំនួបរវាង​លោក និងលោក គីម ជុងអ៊ុន ដែលនឹងប្រព្រឹត្ត​ទៅនៅរយៈពេល បី​ទៅបួនសប្តាហ៍​ទៀត​ប៉ុណ្ណោះ ប៉ុន្តែកន្លែង​រៀបចំ​ជំនួបនោះ មិនទាន់​ត្រូវបាន​សម្រេចនោះទេ។

គួរបញ្ជាក់ថា នាថ្ងៃ​ចន្ទសប្តាហ៍​នេះ (ពេលវេលា​នៅវ៉ាស៊ីនតោន) លោក ដូណាល់ ត្រាំ បានប្រាប់អ្នក​សារព័ត៌មាន​នានាក្នុង​សេតវិមានថា ប្រទេស​សិង្ហបុរី និងតំបន់គ្មាន​ព្រំដែន​រវាងកូរ៉េ​ទាំងពីរ (DMZ) គឺស្ថិតនៅក្នុងជម្រើសចុង​ក្រោយ ដែលត្រូវសម្រេច​យក ១ សម្រាប់​រៀបចំ​ជំនួប​រវាងលោក និងលោក គីម ជុងអ៊ុន តាមការ​ព្រមព្រៀង។ ចាំបាន​ថា កាលពី​អំឡុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​​របស់លោក ត្រាំ នៅក្នុង​ឆ្នាំ២០១៦ លោកធ្លាប់​បាន​អះអាង​ថា លោកចង់​អង្គុយតុ​ជាមួយ លោក គីម ជុងអ៊ុន និងញុំានំហាំប៊ឺហ្គឺ​រួមគ្នាផងដែរ ហើយ​រឿងនេះ​អាចនឹងក្លាយ​ជាការពិតក្នុង​ពេល​ឆាប់ៗ៕