(អ៊ីស្រាអែល)៖ កងទ័ពអ៊ីស្រាអែល​បានដឹកនាំការធ្វើសមយុទ្ធយោធា​មួយ នៅ​ឯតំបន់ ហ្គោឡេន ហេជស៍ (Golan Heights) ជាប់ព្រំដែនជា​មួយស៊ីរី ខណៈកំពុង​មាន​ភាពតាន​តឹងជាមួយអ៊ីរ៉ង់​កាន់តែខ្លាំង​ឡើង។ នេះបើតាម​ការចេញផ្សាយដោយ​ ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី០២ ខែឧសភា ឆ្នាំ២០១៨។

កងកម្លាំង​ការពារជាតិអ៊ីស្រាអែល (IDF) បានចូលរួមក្នុង​សមយុទ្ធយោធា​នៅឯតំបន់ Golan Heights នៅថ្ងៃអង្គារ​សប្ដាហ៍នេះដោយអះអាង​ថា វាគឺជាសមយុទ្ធយោធា​ប្រចាំឆ្នាំ និងធ្វើឡើងក្នុង​គោលបំណងបង្កើន​សមត្ថភាព​យោធា ក៏ដូចជាដើម្បី​ថែរក្សាស្ថេរភាព​នៅក្នុងតំបន់ ប្រឈមមុខ​នឹងការកើនឡើង​កាន់ខ្លាំង​ នៃឥទ្ធិពលអ៊ីរ៉ង់​នៅមជ្ឈិម​បូព៌ា ជាពិសេស​នៅស៊ីរី​ដែលជា​ប្រទេសក្បែរខាង​អ៊ីស្រាអែល។

ទោះបីជាបែបនេះក្តី ចេតនាពិតដែលស្ថិតនៅពីក្រោយសមយុទ្ធនេះ កំពុងស្ថិតនៅក្នុងការសង្ស័យ ខណៈការធ្វើសមយុទ្ធ​យោធានេះ​ កើតមានឡើង​នៅចំពេល​អ៊ីស្រាអែល ត្រូវបាន​រាយការណ៍ថា ​បានបង្កើនសកម្មភាព​យោធា​នៅក្នុង​ប្រទេស ស៊ីរីក្នុងគោល​បំណងប្រឆាំងនឹង​ក្រុមឧទ្ទាម​ហេសប៊ូលឡា និងក្រុមកង​ជីវពលអ៊ីរ៉ង់ ដែលខ្នងបង្អែក​របស់កងកម្លាំង​រដ្ឋាភិបាល​ស៊ីរី។

គួរបញ្ជាក់ថា តំបន់ Golan Heights ធ្លាប់ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់ស៊ីរី តែអ៊ីស្រាអែលបានដណ្ដើមយក​មកគ្រប់គ្រង នៅអំឡុង​សង្រ្គាម ០៦ថ្ងៃ ដែលអ៊ីស្រាអែល​ជាអ្នកទទួល​បាន​ជ័យជម្នះ៕