(តៃប៉ិ)៖ គ្រោះរញ្ជួយដី​កម្រិត ៥.១រ៉ិចទ័រ បាន​វាយប្រហារ​ដែនសមុទ្រ​នៃកោះតៃវ៉ាន់​នាថ្ងៃពុធនេះ ប៉ុន្តែហេតុការណ៍​ដ៏កក្រើកទាំង​ព្រឹកនេះ​ហាក់ដូចជា​ពុំបានបណ្តាល​ឲ្យមានការខូចខាត​ និងមនុស្ស​រងគ្រោះ​ឡើយ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃពុធ ទី០២ ខែឧសភា ឆ្នាំ២០១៨។

យោងតាម​ទីភ្នាក់ងារស្ទាបស្ទង់​ភូមិសាស្រ្ត​អាមេរិក USGS គ្រោះរញ្ជួយផែនដី​ខាងលើ មានចំណុចរំញ័រ​​នៅចម្ងាយ​ប្រហែល​ជា ៧៤គីឡូម៉ែត្រ​ ភាគខាងកើត​ទីក្រុង ហួលៀន (Hualien) ហើយខណៈដែលពុំទាន់ឃើញមានសេចក្តីរាយការណ៍ណាមួយ ស្តីពីការ​បាត់បង់ជីវិត​មនុស្ស និងការខូតខាត​​ទ្រព្យសម្បតិ្ត​នោះ បណ្តាទីភ្នាក់ងារ​​នៅលើ​ដែនដីកោះ​មួយនេះ ត្រូវបានបញ្ជា​ឲ្យប្រុងជើងការ​កម្រិតខ្ពស់ ដោយសារ​តែ​​ខ្លួនទើប​តែ​​បាន​ទទួលរង​​គ្រោះធ្ងន់ធ្ងរ ​​​​ពីការរញ្ជួយដីមាន​កម្រិត​ដល់ទៅ​លើស ៦.០រ៉ិចទ័រ កាលពី​ខែកុម្ភៈកន្លងទៅ។

គួរជម្រាបថា កាលពីថ្ងៃកុម្ភៈ គ្រោះរញ្ជួយដី​មួយមានកម្រិត ៦.៤រ៉ិចទ័រ បាន​វាយប្រហារ​ទីក្រុង Hualien ដែលបានបណ្តាល​​ឲ្យមនុស្ស​​ស្លាប់​​យ៉ាងតិច ០៩នាក់ និងជាច្រើននាក់ទៀត​បាត់បង់ផ្ទះ​សម្បែង៕