(សេអ៊ូល)៖ ការរក្សាវត្តមានយោធា​អាមេរិកប្រចំា​កូរ៉េខាងត្បូង (USFK) គឺពិតជាមាន​សារៈសំខាន់ បើទោះជាមាន​ការចុះ​ហត្ថលេខា លើសន្ធិសញ្ញាសន្តិភាព​បញ្ចប់សង្រ្គាមរវាង​កូរ៉េទាំងពីរ​ក៏ដោយ។ នេះគឺជាការគូស​បញ្ជាក់របស់វិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង ដកស្រង់ដោយ​ទីភ្នាក់ងារសារព័ត៌មាន​ យ៉ុនហាប់ នៅព្រឹកថ្ងៃពុធ ទី០២ ខែឧសភា ឆ្នាំ២០១៨។

ថ្លែងប្រាប់អ្នក​សារព័ត៌មាន​ ក្នុងលក្ខខណ្ឌ​មិនបញ្ចេញ​ឈ្មោះ​នៅថ្ងៃពុធនេះ មន្ត្រីវិមាន​ប្រធានាធិបតីកូរ៉េខាងត្បូង​​ម្នាក់បាន​ច្រានចោល សេចក្ដីរាយការណ៍​ទាក់ទិននឹងលទ្ធភាព​ នៃការដក​កងទ័ព​អាមេរិក។ មន្ត្រីរូបនេះ​បានលើកឡើងដូច្នេះថា «វត្តមាន​កងទ័ព​អាមេរិក (USFK) នៅកូរ៉េខាងត្បូង​ពិតជាមាន​សារៈសំខាន់​ណាស់ បើទោះជាមាន​សន្ធិសញ្ញាសន្តិភាព​ក៏ដោយ។ ចំណែកឯ​គោលជំហររបស់​រដ្ឋាភិបាល គឺ USFK បាននិងកំពុងដើរតួនាទី​យ៉ាងសំខាន់ ជាអ្នកសម្រប​សម្រួល​រវាងមហាអំណាចនៅជុំវិញ​កូរ៉េខាងត្បូង ដូចជា ចិន និងជប៉ុន​ជាដើម»

គួរបញ្ជាក់ថា ប្រតិកម្មរបស់វិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង កើត​មានឡើង​​បន្ទាប់ពី​ទីប្រឹក្សា​ម្នាក់របស់​លោក មូន ជែអ៊ីន គឺលោក មូន ជុងអ៊ីន (Moon Chung-in) និយាយថា វាពិតបាកក្នុង​ការបញ្ជាក់ពីវត្តមាន​កងទ័ពអាមេរិក​ប្រចាំ​កូរ៉េខាងត្បូង ក្រោយមាន​សន្ធិសញ្ញា​សន្តិភាព។ សហរដ្ឋអាមេរិក​បានបញ្ជូនកងទ័ព​ ឱ្យទៅឈរជើង​នៅ​កូរ៉េខាងត្បូង ចាប់តាំងពី​សង្រ្គាម​កូរ៉េបានបញ្ចប់ ហើយបច្ចុប្បន្ន​កងទ័ព​អាមេរិក ២,៨៥០០នាក់ កំពុងឈរជើងប្រទេស​មួយនេះ៕